ភ្នំពេញ ៖ មានក្មេងទំនេីងសិស្សសាលាចំនួន២១នាក់ បាននាំគ្នាគេចសាលា មិនរៀនសូត្រ ប្រមូលផ្ដុំគ្នានៅក្នុងតារាងបាល់ទាត់មួយកន្លែងក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនដេីម្បីសាកសួរ និងអប់រំណែនាំ ។
ក្នុងប្រតិបត្តិការនេះដែរ ដោយអនុវត្តតាមផែនការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទេីបកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចុះធ្វេីការឃាត់ខ្លួនសិស្សសាលាខាងលេីយកមកធ្វេីការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកោះហៅអាណាព្យាបាលមកធានា រួចឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។
គួរបញ្ជាក់ថា ថ្មីនេះៗគេសង្កេតឃើញនៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គឺ និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។
ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែង ជាពិសេសកាលពីពេលថ្មីៗនេះមានសិស្សជាង១០០នាក់ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់យកអប់រំធ្វើកិច្ចសន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយណែនាំអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀនចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូលរួមគោរពច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងស្នើសុំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៕ ដោយ ៖ ភារ៉ា ដង្កោ