ភ្នំពេញ ៖ គណបក្សខ្មែរតែមួយសូមសម្តែងការសោកស្តាយជុំវិញការមើលឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា។ ទន្ទឹមនឹងនេះអង្គការមួយនេះ ថែមទាំងបានអំពាវនាវឱ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់រាល់សកម្មភាពគំរាម កំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ នេះជាការមើលឃើញដោយមិនបានឆ្លុះបញ្ចាំងពីការណ៍ពិតជាក់ស្តែងនោះទេ ហើយអង្គការមួយនេះតែងតែស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយនិងវាយតម្លៃពីកម្ពុជាក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិតនយោបាយលម្អៀងទៅរកនិន្នាការ ប្រឆាំងសុទ្ធសាធ។
គណបក្សខ្មែរតែមួយបានសង្កេតឃើញថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤ ហើយក្នុងនោះដែរជាលទ្ធផលមានគណបក្សចំនួន២ ដែលទទួលបានអាសនៈ នេះជាការសបញ្ជាក់ឱ្យឃើញពីលំហូរប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ដោយសារតែមានការចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្តាអ្នកសង្កេតការជាតិ និងអន្តរជាតិ យ៉ាងច្រើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងការបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោតចប់ជាស្ថាពរ។ ជារួមមកវិញចំពោះ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥នេះ ជាការបង្ហាញឱ្យឃើញពីដំណើរការប្រជាធិបតេយ្យយ៉ាងល្អប្រសើរ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនដូចជាការចោទប្រកាន់ និងមើលឃើញផ្ទុយពីការណ៍ពិតរបស់អង្គការ Human Right Watch ដែលស៊ីឈ្នួលបម្រើនយោបាយបរទេស មាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពជ្រកកោនក្រោមស្លាកសិទ្ធិមនុស្សក្លែងក្លាយនោះឡើយ។ ជាង នេះទៅទៀត សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិនិងអន្តរជាតិគ្រប់មជ្ឈដ្ឋានទាំងអស់ឈប់ជឿលើការឃោសនាបោកប្រាស់ ដែលធ្វើឡើងក្នុងទម្រង់ចរិតនយោបាយញុះញង់របស់ក្រុមអង្គការមួយក្តាប់តូចនោះ ៕ ដោយ ៖ សិលា