អុីរ៉ង់បានស្នើឱ្យសហរដ្ឋអាមេរិក “ឈរមួយឡែក” ខណៈដែលខ្លួនត្រៀមឆ្លើយតបទៅនឹងការវាយប្រហារដែលសង្ស័យរបស់អុីស្រាអែលទៅលើស្ថានកុងស៊ុលអុីរ៉ង់នៅក្នុងប្រទេសស៊ីរី ខណៈដែលក្រុមហេសបូឡាហ៍នៅក្នុងប្រទេសលីបង់ក៏បានព្រមានអុីស្រាអែលថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាម។
លោក Mohammad Jamshidi អនុប្រធានការិយាល័យទទួលបន្ទុកកិច្ចការនយោបាយរបស់ប្រធានាធិបតីអុីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X. ថា នៅក្នុងសារផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោនអុីរ៉ង់បានព្រមានសហរដ្ឋអាមេរិកថា “កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់” របស់នាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu ហើយបានណែនាំសហរដ្ឋអាមេរិកឱ្យ “ឈរមួយឡែកដើម្បីកុំឱ្យឈឺចាប់”។
លោក Jamshidi បន្ថែមថា “ជាការឆ្លើយតប អាមេរិកបានស្នើសុំអុីរ៉ង់កុំឲ្យវាយប្រហារលើគោលដៅរបស់អាមេរិក”។ សហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយលើសារនេះទេ។
មន្ត្រីអាមេរិកអនាមិកបាននិយាយថា ប្រទេសនេះស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយកំពុងរៀបចំសម្រាប់ការឆ្លើយតប “ដ៏សំខាន់” ដោយអុីរ៉ង់ សំដៅលើគោលដៅអុីស្រាអែល ឬសហរដ្ឋអាមេរិកនៅក្នុងតំបន់។ អាស្រ័យហេតុនេះ អាមេរិកមានការព្រួយបារម្ភថា ការវាយប្រហារណាមួយអាចកើតមានឡើងក្នុងប្រទេសអុីស្រាអែល ជាពិសេសគឺសំដៅទៅលើ “គោលដៅយោធា ឬចារកម្ម ជំនួសឱ្យជនស៊ីវិល”។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការពិតដែលថាអាមេរិកបានជូនដំណឹងដោយផ្ទាល់ដល់អ៊ីរ៉ង់ថា អាមេរិកមិនបានដឹងថាការវាយប្រហារលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសនឹងកើតឡើងនោះទេ បង្ហាញថាអាមេរិកកំពុងព្យាយាមរារាំងកងកម្លាំង និងមូលដ្ឋានរបស់ខ្លួននៅមជ្ឈិមបូព៌ាពីការវាយប្រហាររបស់អ៊ីរ៉ង់៕ ដោយធីរីណា
រូបថត: AP