ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិក ប្រមាណ៥៩នាក់ត្រួវបានលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនិង ជម្រាបលាមុនចេញទៅហ្វឹកហាត់និងប្រកួតនៅក្រៅប្រទេសនៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៦។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានអប់រំកាយ និងកីឡាបានរាយការណ៍ជូនលោករដ្ឋមន្ត្រីថា កីឡាករកីឡាការិនីដែលទៅចូលរួមការប្រកួតកីឡា សិស្សអាស៊ានលើកទី៨ (The 8th ASEAN School Games) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃនោះមានចំនួន៥ប្រភេទកីឡាដូចជាកីឡាវាយកូនឃ្លីលើតុ, កីឡាអត្តពលកម្ម, កីឡាវាយ កូនបាល់, កីឡាហែលទឹកនិងកីឡាវាយសី ដែលដឹកនាំដោយ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជនិងកីឡា និង ជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិត, មន្ត្រី តំណាងអគ្គនាយកដ្ឋានកីឡានាយបេសកកម្ម នាយរងបេសកកម្ម, មន្រ្តីរដ្ឋបាល, មន្រ្តីពេទ្យ មន្រ្តីហិរញ្ញវត្ថុ, គ្រូបង្វឹក និង កីឡាករកីឡាការិនីសរុប៣៩នាក់ ។
លោកអគ្គនាយកបានបន្តថា ការបញ្ជូន កីឡាករកីឡាការិនីទៅចូលរួមហ្វឹកហាត់នៅទីក្រុងហូជីមិញប្រទេសវៀតណាម គឺត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលមាន៤ ប្រភេទកីឡាដូចជាប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់, កីឡាវ៉ូវីណាម, កីឡាអត្តពលកម្ម និងកីឡាប្រណាំងកង់ មានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីសរុប២០នាក់ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍កីឡា The 5th Asian Beach Games 2016 នៅទីក្រុងដាណាងប្រទេសវៀត ណាម ។
លោករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន បានផ្តាំផ្ញើដល់ប្រតិភូដឹកនាំកីឡាករ កីឡាការិនីទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អហូបចុកឲ្យបានគ្រប់គ្រាន់ ហ្វឹកហាត់ឲ្យបានទៀងទាត់និងរក្សានូវសេចក្តីថ្លៃថ្នូរដល់ខ្លួនឯង និងប្រទេសជាតិ ។ ចំណែកកីឡាករកីឡា ការិនីដែលទៅចូលរួមប្រកួតនៅប្រទេសថៃធ្វើយ៉ាងណាខិតខំប្រឹងប្រែងដណ្តើម យកមេដាយមកជូនជាតិមាតុភូមិយើងឲ្យបានច្រើន ។
ជាមួយនឹងការផ្តាំផ្ញើនេះដែរលោករដ្ឋ មន្ត្រីមានជំនឿចិត្តខ្ពស់ថាអត្តពលិកកម្ពុជាអាចនាំយកកិតិ្តយសត្រឡប់មកជូនជាតិវិញ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅកីឡាករវាយកូនឃ្លីលើតុ លឹម សុខឡុង បាននាំយកមេដាយ មាស១គ្រឿង និងកីឡាករកីឡាការិនី ប៉េតង់ដណ្តើមបានមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយ សំរឹទ្ធិ១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡា Asian University Games លើកទី១៨នៅ ប្រទេសសិង្ហបុរី ៕
ដោយ៖ សារីម