ក្រោយពីបុគ្គល ឈ្មោះ កើត សារ៉ាយ មានចេតនាអាក្រក់ ដើរញុះញង់ប្រជាពលរដ្ឋ និងប្រឌិតព័ត៌មានក្លែងក្លាយបង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ បុគ្គលម្នាក់ឈ្មោះ កើត សារ៉ាយ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តព្រះវិហារភ័យខ្លាច គោលបំណងដើម្បីគេងចំណេញនយោបាយ បង្កឲ្យមានការភាន់ច្រឡំថាអាជ្ញាធរគៀបសង្កត់ប្រជាពលរដ្ឋ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ក្រៅពីមានចេតនាទុច្ចរិតបំផ្លាញសន្តិភាព បុគ្គលនេះ និងបក្សពួក ក៏បានដើរប្រឌិតព័ត៌មានក្លែងក្លាយ ហើយផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងចេទនាញុះញង់បង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ។ ដូច្នេះដើម្បីជាទប់ស្កាត់នូវអំពើបង្កភាពចលាចលនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តុលាការបានសម្រេចចេញដីកា ឃាត់ខ្លួនជននេះដើម្បីការទប់ស្កាត់នូវការបង្កអស្ថេរភាព និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ការចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។

បើតាមអ្នកនាំពាក្យ, បុគ្គលរូបនេះធ្លាប់ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារម្ដងរួចមកហើយពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដូចគ្នានេះ។ ប៉ុន្ដែបុគ្គលនេះមិនរៀងចាលនោះឡេីយ។

ពោលកាលពីពេលកន្លងទៅថ្មីៗនេះ បុគ្គលឈ្មោះ កើត សារ៉ាយ បានប្រឌិតនូវព័ត៌មានក្លែងក្លាយពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារ ដេីម្បីផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងគោលបំណងញុះញង់បង្កឲ្យមានការរេីសអេីង និងធ្វេីឲ្យការខឹងសម្បារមកដល់រាជរដ្ឋាភិបាល ពិសេសទៅកាន់ឆាកអន្ដរជាតិ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «យើងអាចសន្និដ្ឋានបានថាឈ្មោះ កើត សារ៉ាយ គឺពិតជាមានចេតនាញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងសម្បាញនឹងរាជរដ្ឋាភិបាល ហើយបុគ្គលនោះថែមទាំងបានផ្តល់ព័ត៌មានដល់សារព័ត៌មានឧទ្ទាមមាន VOD និង RFA ចេញផ្សាយបំភ្លៃព័ត៌មានមិនពិត និងប្រឌិតព័ត៌មាន ដើម្បីបង្ហាញឲ្យក្រៅប្រទេសបានឃើញ និងដាក់ទណ្ឌកម្មមកលើកម្ពុជា»។

សូមជម្រាបថា ៖ មួយរយៈនេះ មានការបំប៉ោងព័ត៌មានច្រើន ចោទប្រកាន់មកលើអាជ្ញាធរ សមត្ថកិច្ច ខេត្តព្រះវិហារ រឿងដីធ្លឺពីក្រុមអ្នមមានចេតនាអាក្រក់ ដើរញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តព្រះវិហារភ័យខ្លាច គោលបំណងដើម្បីគេងចំណេញនយោបាយ បង្កឲ្យមានការភាន់ច្រឡំថាអាជ្ញាធរគៀបសង្កត់ប្រជាពលរដ្ឋ ។ ទោះជារដ្ឋបាលខេត្តព្យាយាម ចេញថ្លែងការណ៍បញ្ជាក់ការពាក់ការពិតនោះក៏ដោយ ក៏ពួកគេបំពុលសង្គម។ 

សូមបញ្ជាក់ថា ៖ តាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ បញ្ជា បង្គាប់មកកម្លាំងមានសមត្ថកិច្ចឱ្យ

១-នាំខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ភេទ ប្រុស កើតថ្ងៃទី ០១ ខែ មីនា ឆ្នាំ ១៩៩២ ជនជាតិ ខ្មែរ កើតនៅភូមិ សំរោង ឃុំ សំរោង ស្រុក សូទ្រនិគម ខេត្ត សៀមរាប សាសនា ព្រះពុទ្ឋ អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅវត្តដំរីស ភូមិ កម្មករ ឃុំ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ឪពុកឈ្មោះ ស្រី វ័ល្អ “ស្លាប់” ម្តាយឈ្មោះ ចាប យ៉ែម “រស់” ជា-នីតិជន។ ធ្លាប់ជាប់ពន្ធនាគារ ពីបទ ញុះញង់បង្កឱ្យមានភាពវិភវរដល់សន្តិសុខសង្គម

២-មកបង្ហាញខ្លួននៅ ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ ដើម្បីសាកសួរ ពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print