ប្រជាជនអុីស្រាអែលរាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅថ្ងៃ ទី 6 ខែមេសា ខណៈដែលសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់នៅហ្គាហ្សាឈានដល់រយៈពេលកន្លះឆ្នាំ។
ក្រុមអ្នករៀបចំបាននិយាយថា មនុស្សប្រហែល 100,000 នាក់បានប្រមូលផ្តុំគ្នានៅផ្លូវប្រសព្វមួយក្នុងទីក្រុង Tel Aviv ដែលត្រូវបានប្តូរឈ្មោះជា “ទីលានប្រជាធិបតេយ្យ” ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។
ក្រុមបាតុកករស្រែកថា “ការបោះឆ្នោតឥឡូវនេះ” ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Netanyahu លាលែងពីតំណែង ។ ការតវ៉ាក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងផ្សេងទៀតផងដែរ ដោយមេដឹកនាំប្រឆាំងអុីស្រាអែល លោក Yair Lapid បានចូលរួមក្នុងបាតុកម្មនៅ Kfar Saba មុនពេលគាត់ចាកចេញទៅពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករនឹងប៉ូលិសនៅឯបាតុកម្មក្នុងទីក្រុង Tel Aviv ហើយប៉ូលិសបាននិយាយថា អ្នកតវ៉ាម្នាក់ត្រូវបានចាប់ខ្លួន៕ ដោយធីរីណា
រូបថត:AFP