ខេត្តត្បូងឃ្មុំ÷ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងពទ្ធសីមាវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) និងបានសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ នៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ ប្រធានគណៈកម្ម ការសាងសង់វត្ត, លោកស្រីលាង វួចឆេង ហ៊ុន ណេង, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ , ថ្នាក់ ដឹកនាំមន្រ្តីរាជការនានាជុំវិញខេត្ត, ព្រះសង្ឃនិមន្តមកពីវត្តនានា និងប្រជាពលរដ្ឋជាង១,០០០នាក់ចូលរួមផងដែរ។
ក្នុងឱកាសនោះកិត្តិសង្គហបណ្ឌិត មានមតិសំណេះ សំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី។
កិត្តិសង្គហបណ្ឌិត បានបន្តថា ប្រជាពលរដ្ឋសុខសាន្តក្រោមម្លប់សន្តិភាព បានមកដោយសារការដាក់ចេញនៅយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រដែលវិស័យទាំងពីរនេះ ត្រូវតែដើរព្រមគ្នាមិនអាចខ្វះគ្នាបាន បើអាណាចក្រដួលរលំហើយនោះពុទ្ធចក្រ ក៏មិនអាចឈរបានដូចអ្វីដែលយើងទាំងអស់គ្នា បានធ្លាប់ជួបប្រទះកាលពីរបបវាលពិឃាតនោះ។
ជាមួយគ្នានេះ លោកកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរ គុណដល់មហារគ្រួសារខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានថែរក្សានូវ សុខសន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាព ជាពិសេសបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្រ្តី ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាយើង បានរីកចម្រើនរុងរឿងជាបន្តទៅទៀត៕