សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្វាយលិខិតថ្លែងអំណរ ព្រះរាជគុណ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ជាបឋម ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្លែងនូវអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអតិបរមាថ្វាយ ព្រះករុណា ជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ លិខិតអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំនិងភរិយា រួមទាំងក្រុមគ្រួសារ ក្នុង ឱកាសពោរពេញដោយមហាកិត្តិយសឧត្តុង្គឧត្តមដែលទូលព្រះបង្គំជាខ្ញុំត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាល ទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងវរោកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំជាខ្ញុំសូមប្តេជ្ញាបន្តអនុវត្តប្រកបដោយបទពិសោធន៍ ជោគជ័យកន្លងមក ដើម្បីធានាបាននិរន្តរភាព ការពារឯករាជ្យជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការពារ ដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា បន្តធានាការពារសន្តិភាព ស្ថិរភាពសង្គមជាតិ សុខុមាលភាពប្រជាជន និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ព្រមទាំង លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិឱ្យកាន់តែល្អប្រសើរស្របតាមបាវចនា ជាតិ សាសនា ព្រះ មហាក្សត្រ ពិសេស រក្សាបាននូវនីតិរដ្ឋពិតប្រាកដ។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print