អគ្គមេបញ្ជាការ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកថវិកាចែកជូនកងកម្លាំងទិសយោធភូមិភាគទី៣ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាទៅឧបត្ថម្ភដល់កងកម្លាំងនៅទិសយោធភូមិភាគទី៣ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងពិធីសំណេះសំណាល ដែលបានធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើជូនកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់នាយទាហាន ពលទាហាន កងកម្លាំងអាវុធហត្ថ កងនរគបាលជាតិ នៅទិសយោធភូមិភាគទី៣ ក្នុងបុព្វហេតុការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ធ្នាប់សង្គម។

ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានាថែរក្សាការពារសន្តិភាព ការពារសមិទ្ធផលឱ្យបានគង់វង្ស ស្ថិតស្ថេរ និងបន្តអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗដែលដឹកនាំដោយសម្តេចតេជោ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

សម្រាប់លើវិស័យការពារជាតិ ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកងទ័ព និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងអស់ បន្តចូលរួមកំណែទម្រង់ជាប្រចាំ និងប្រកបដោយការលះបង់ យុត្តិធម៌ ដើម្បីប្រែក្លាយកងកម្លាំងឲ្យកាន់តែទំនើប រៀបរយ មានវិជ្ជាជីវៈ និងមានប្រសិទ្ធភាព ឆ្លើយតបបានគ្រប់ស្ថានការណ៍ទាំងអស់ នៅក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជា និងស្ពានការណ៍ពីភពលោក។

ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងឲ្យបន្តគោរពអនុវត្តនូវអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីតាមដានត្រួតពិនិត្យការងារស្ទូលរបស់អង្គភាព ស្របតាមការកែទម្រង់ ,ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតស្អំ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានណែនាំដល់គ្រប់កងឯកភាពត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនបង្កើនសមត្ថភាព យកចិត្តទុកដាក់លើការធានាជីវភាពរស់នៅប្រចាំថៃ្ង ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព ក៏ដូចជាការថែរក្សាសុខភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីរួមរស់ដោយសុខុដុមរម្យនា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

នៅចុងបញ្ចប់ ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចូលរួមឲ្យបានសកម្ម ក្នុងការធានាការពារសន្តិសុខសុវត្ថិភាព និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រមជូនពរដល់កងកម្លាំងនិងក្រុមគ្រួសារ សូមមានសុខភាពល្អ ជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print