កាលពីថ្ងៃទី១៩ ខែកក្កដា គណបក្សសាធារណរដ្ឋបានសម្រេចជ្រើសរើសលោកត្រាំជាបេក្ខភាពប្រធានាធិបតីដំណាងឲ្យគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។ តាមការប្រកាសរបស់បក្សសាធារណរដ្ឋ លោកត្រាំ ទទួលបានសម្លេងគាំទ្រ ១.២៣៧សម្លេង យកឈ្នះទៅលើគូប្រជេង១៦រូបផ្សេងទៀតនៅក្នុងគណបក្ស។
គូប្រជេងនៅក្នុងបក្សរបស់លោកត្រាំ គឺសមាជិកព្រឹទ្ធសភា លោក Ted Cruz មកពី Texas ទទួលបានសម្លេងគាំទ្រតែ២០០សម្លេងប៉ុណ្ណោះ ។ ចំណែកបេក្ខភាពដទៃទៀតទទួលបានសម្លេងគាំទ្រតិចជាងនេះ។
កូនប្រុសលោកត្រាំ ឈ្មោះ Donald Trump Jr បាននិយាយថា «ពិតជាមានមោទនភាព ពេលឈ្មោះ ដូណាល់ត្រាំក្លាយទៅជាបេក្ខភាពនាំមុខនៅក្នុងការបោះឆ្នោតបក្ស»។ សមាជិកបក្សមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះលោកត្រាំ ដោយសារតែលោកមិនមានបទពិសោធនៅក្នុងឆាកនយោបាយដឹកនាំប្រទេសមហាអំណាច ហើយលោកបានចេញគោលនយោបាយមួយចំនួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអាមេរិក ធ្វើឲ្យមានការប្រឈមមុខនៅបញ្ហាផ្ទៃក្នុងសង្គមអាមេរិក។
តាមគម្រោងនៅថ្ងៃទី២០ ខែកក្កដា នេះ លោកត្រាំ ថ្លែងសន្តរកថា ទទួលយកដំណែងជាបេក្ខភាពដំណាងឲ្យគណបក្សសាធារណរដ្ឋដើម្បីប្រគួតប្រជេងជាមួយគណបក្សប្រជាធិបតេយ្យ ដែលមានលោកស្រី ហ៊ីលឡារីគ្លីនតុន ជាបេក្ខភាព។
នៅក្នុងការស្តង់មតិកាលពីខែកក្កដា គម្លាតនៃការគំាទ្ររបស់គណបក្សទាំងពីរថយចុះក៏ជាក្តីសង្ឃឹមសម្រាប់លោកត្រាំ ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ពលរដ្ឋអាមេរិក ៣៤,៥ភាគរយគាំទ្រលោកត្រាំ និង៤៣,៩ភាគរយគាំទ្រលោកស្រីគ្លីនតុន។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គម្លាតនៃការគាំទ្ររវាងបេក្ខភាពទាំងពីរថយចុះពី១១,២ភាគរយសល់ ៩,៤ភាគរយ៕
ប្រែសម្រួល៖ សាធី