ខេត្តពោធិ៍សាត់ ៖ ជនជាប់ចោទប្រុសស្រីចំនួន០៤នាក់ បទៈ ឆបោកមានស្ថានទម្ងន់ទោស ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីធានាស៌ើបអង្កេតឲ្យបានល្អ ។
យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ ៤០៧.៤០៩.៤១១ និងលេខ៤១៣ ឃ.ខ/២៤ ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ចេញដោយលោក សែង លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ នាព្រឹកនេះ ។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នដដែល ជនត្រូវចោទទាំងចំនួន០៤នាក់ ទី-១ ឈ្មោះ អួនលីស៊ីម៉េង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិដូង ឃុំ.ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅមុនពេលឃាត់ខ្លួន ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ កម្រិតវប្បធម៌រៀនថ្នាក់ទី៦ ស្ថានភាពគ្រួសារ មានប្រពន្ធ ទី-២ ឈ្មោះ នី វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត សង្កាត់ទឹកល្អក់ទី-១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួន ភូមិ.សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ ជាងពិដាន កម្រិតវប្បធម៌រៀនថ្នាក់ទី០៧ ស្ថានភាពគ្រួសារ មានប្រពន្ធ ទី-៣ ឈ្មោះ អំ ប៊ុនធា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រៃកប្បាស ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ទីលំនៅមុនពេលឃាត់ខ្លួន ភូមិព្រៃកប្បាស ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរ មិនពិតប្រាកដ កម្រិតវប្បធម៌រៀនថ្នាក់ទី៦ ស្ថានភាពគ្រួសារ មានប្ដី(អួន លីស៊ីម៉េង)និងទី-៤ ឈ្មោះ មុយ ពិសី ហៅខ្មៅ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិឬស្សីព្រៃ ឃុំចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅមុនពេលឃាត់ខ្លួន ភូមិឬស្សី ឃុំចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរ មិនពិតប្រាកដ កម្រិតវប្បធម៌គ្មាន មានប្ដី ។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នដដែលនោះ ជនត្រូវចោទពីបទៈ ឆបោកមានស្ថានទម្ងន់ទោស(ជាក្រុមមានការចាត់តាំង)ប្រព្រិត្តនៅចំណុចផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងឲ្យផ្ដន្ទាទោសតាមបញ្ញាត្តិមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ដូច្នេះ សម្រេច -បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈនាំជនត្រូវចោទដែលមានដូចខាងលើទៅពន្ធនាគារ ឬ មណ្ឌលឃុំខ្លួនខេត្តពោធិ៍សាត់ ។ -បង្គាប់មកលោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ឲ្យទទួលយកជនត្រូវចោទ(មានអត្តសញ្ញាណខាងលើ)និងឃុំខ្លួនជននេះ រហូតដល់មានដីកាសម្រេចផ្សេងពីនេះ ។
ករណីលោកចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទទាំង០៤នាក់ខាងលើ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ផងដែរថា ពួកគាត់បានធ្វើសកម្មភាពជ្រុះកាបូបគ្រឿងអល័ង្កា(កាល័យ)ភ្លាមនោះមានរើសយក រួចក្រុមជនជាប់ចោទនាំគ្នាប្រើល្បិចប្ដូរយកមាសសុទ្ធ ពីជនដែលរើសគ្រឿងអល័ង្កានោះ ពេលសមត្ថកិច្ចទទួលព័ត៌មានភ្លាម ចុះស្រាវជ្រាវ និងបង្រ្កាបបានទាំងជនសង្ស័យ រួមទាំងវត្ថុតាង ខ្សែក កងដៃ ចិញ្ចៀន។ ល។(ស្ព័ន លោហធាតុ)និងមធ្យោបាយម៉ូតូ២គ្រឿង និងសម្ភារៈផ្សេងៗទៀតផងដែរ ៕ ដោយៈ ប៉ឹម ពិន