ភ្នំពេញ ៖ សកម្មភាពក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ កំពុងតែមមាញឹករៀបចំ រូបនាគធ្វើពីឫស្សីលាបពណ៌មាសយ៉ាងស្រស់ស្អាត នៅរមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ។ នេះជាលើកឡើងពី លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជេីញចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រេីនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ជុំ។
លោកបន្តថា ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នារមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អតាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។
សូមរម្លឹកថា ៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។
សេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានបន្ថែមឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែនដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ ពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ៕
ដោយ ៖ សិលា