រដ្ឋបាលក្រុងបាវិតប្រារព្ធពិធី ជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ពេលខាងមុខនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត នារសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការសាលាក្រុងបានរៀបចំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពជាមួយស្រុកជាប់ព្រំដែន គឺរវាងក្រុងបាវិត ប្រទេសកម្ពុជា និងស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ប្រទេសវៀតណាម និងចូលរួម អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨គ.ស២០២៤។

លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា ជំនួស មុខឲ្យក្រុមប្រឹក្សាក្រុង និងអាជ្ញាធរក្រុងបាវិត និងក្នុងនាមរូបលោកផ្ទាល់សូមសំដែងនូវការ ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះវត្តមាន គណៈប្រតិភូស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ប្រទេសវៀតណាម និងអស់លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមមាញឹកផ្តល់ កិត្តិយស អញ្ជើញចូលរួម ញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូល កាន់តែមានភាពអធឹកអធម ប្រកបដោយ ស្មារតីសាមគ្គីភាព មិត្តភាព និងពោពេញដោយស្នាមញញឹម និងក្តីសង្ឃឹម ត្រៀមទទួលអំណរសាទរឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងមានការរីកចម្រើនឡើងគួរជាទីមោទនៈ ដែលធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានភាពធូរធារល្អប្រសើរជាងមុន ។

លោកបានបន្ថែមថា ជាក់ស្តែងក្នុងក្រុងបាវិត មានក្រុមហ៊ុនពាណិជ្ជកម្ម ឧស្សាហកម្ម និងមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន០៧កន្លែង មានរោងចក្រក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១០២រោងចក្រកំពុងដំណើរការ មាន បុគ្គលិកកម្មករបម្រើការងារប្រមាណជាង៥ម៉ឺននាក់ ធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានរីកចម្រើនឡើងជាលំដាប់។ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់។វិស័យកសិកម្ម ក្រុងបានជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំគ្រប់ប្រភេទ ។

ជាមួយគ្នានេះដែរ តំណាងឲ្យអាជ្ញាធរក្រុងបាវិត សូមថ្លែងអំណរគុណ ដល់ភាគីជាមិត្ត ពិសេសកងទ័ពការពារព្រំដែនម៉ុកបាយ ដែលជានិច្ចជាកាលតែងតែជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលមានជំងឺ ហើយត្រូវឆ្លងទៅព្យាបាលជំងឺនៅប្រទេសវៀតណាម និងបានជួយអន្តរាគមន៍សហការផ្តល់ រថយន្តពន្លត់អគ្គីភ័យ នៅពេលមានអគ្គីភ័យកើតឡើងនៅតាមព្រំដែនក្នុងក្រុងបាវិត។

លោកបានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤ ដែលនិង ឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាមអាជ្ញាធរដែនដីក្រុងបាវិត លោកសូមឧទ្ទិសបួងសួងដល់ ទេវតា ឆ្នាំថ្មី សូមជួយប្រោសព្រំប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស គណៈប្រតិភូវៀតណាម មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងបាវិតទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សម្រេចបានជោគជ័យលើ គ្រប់ភារកិច្ច និងសូមជួបប្រទះតែនិងសេចក្តីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ កុំបីអាក់ខានឡើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print