សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា នៅទីក្រុងប៉េកាំងនាថ្ងៃទី៩ខែមេសានេះ ក្រោយកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា
រុស្ស៉ីនឹងរួមគ្នាជាមួយចិនបន្តកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ខណៈវាគឺជាផ្នែកមួយនៃការបង្កើនទំនាក់ទំនង ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
លោក Lavrov បានលើកឡើងដូច្នេះថា «ខ្ញុំអរគុណភាគីចិន សម្រាប់ការចូលរួមរំលែកទុក្ខ ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅតំបន់មូស្គូ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំនេះ និងសម្រាប់ការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រុស្ស៉ីក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ កិច្ចសហប្រតិបត្តិការរបស់ពួកយើង ក្នុងកិច្ចប្រឹងប្រែងបង្រ្កាបភេរវកម្ម នឹងនៅតែបន្តទៅមុខ ក្នុងនោះរួមមានទាំងស្ថិតក្រោមក្របខ័ណ្ឌរបស់ស្ថាប័នអន្តរជាតិ»។
ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេគឺជាអ្នកនៅពីក្រោយហេតុការណ៍បាញ់ប្រហារភេរវកម្មយ៉ាងកក្រើកក្នុងសាលប្រគំតន្រ្តីមួយកន្លែងនៅជាយទីក្រុងមូស្គូ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៤៤នាក់ បាត់បង់ជីវិត ប៉ុន្តែខាងរុស្ស៉ីបានអះអាងថា បើតាមការជឿជាក់របស់ខ្លួន គឺអ៊ុយក្រែនទំនងជាអ្នកពីក្រោយពិតប្រាកដ នៃការវាយប្រហារនោះ។ យ៉ាងណាមិញ រុស្ស៉ីមិនបានផ្តល់ភស្តុតាងសម្រាប់អំណះអំណាងបែបនេះឡើយ។
លោកប្រមុខការទូតរុស្ស៉ីដែលកំពុងស្ថិតនៅទីក្រុងប៉េកាំង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការមួយ ក៏បានអរគុណចិនផងដែរសម្រាប់ការបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី កាលពីខែមីនា ដែលលោក ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់អាណត្តិថ្មី។ បើតាមទីក្រុងមូស្គូ កិច្ចពិភាក្សារវាង លោក Lavrov និងសមភាគីចិនរបស់លោក នឹងផ្តោតលើប្រធានបទក្តៅៗ ដូចជាសន្តិសុខនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក និងសង្រ្គាមនៅអ៊ុយក្រែនជាដើម៕ ដោយធីរីណា
រូបថត: Reuters