តំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀន ប្រមាណ ០៧គីឡូក្រាម បង្ក្រាបនៅថាំង ហួយក្លឹប-KTV

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀន ប្រមាណ ០៧គីឡូក្រាម បង្ក្រាបនៅថាំង ហួយក្លឹប-KTV ។ នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី

ការចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀន ប្រមាណ ០៧គីឡូក្រាម បង្ក្រាបនៅថាំង ហួយក្លឹប-KTV នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន​ នគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំង ថាំង ហួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ១២ នាក់ ជនជាតិវៀតណាមចំនួន ០២នាក់ និងជនជាតិខ្មែរចំនួន ០១ នាក់ រកឃើញសារធាតុញៀនប្រភេទ MDMA ទម្ងន់ ៤.៧២៥,២៥ក្រាម កេតាមីន ទម្ងន់ ១.៦៦៣,៣២ក្រាម ប្រភេទរុក្ខាជាតិក្រៀម មានទម្ងន់១៦២,៩៤ក្រាម និងសារធាតុមិនច្បាស់លាស់ទម្ងន់ ៦២,៣៩ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជន សង្ស័យ និងបក្ខពួក ពីបទ ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២ មាត្រា ៤៤ មាត្រា៤៥ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ 

ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print