ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់និងសកលលោក បាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកនាពេលអនាគត ប្រសិនបើគ្មានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទេនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពគឺជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ជាក់ស្តែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍនប្រកបដោយចីរភាព ធនធានទឹក ត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ស្តីពីការធានាឱ្យមានលទ្ធភាពនិងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាព នៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផល នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino)»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដែលការណ៍នេះ នឹងអាចធ្វើឲ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះ មានភ្លៀងច្រើនពេក និងកន្លែងខ្លះ កាន់តែរាំងស្ងួតខ្លាំងជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀម ដោះស្រាយបញ្ហាដីនានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់ សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តខិតខំអនុវត្ត ឲ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានប្រកបដោយការទទួលខុសត្រូវ មានមនសិការវិជ្ជាជីវៈ និងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗ ៕