ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការផលិតទឹកគោនៅគិរីសួគ៌ មានបច្ចេកទេសខ្ពស់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ ជាអ្វីដែលសម្ដេចសង្ឃឹមថា ផលិតផលក្នុងស្រុកជាច្រើននឹងដើរតួនាទីកាន់តែសំខាន់ក្នុងការជំនួសផលិតផលនាំចូលពីក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងបន្តថា ៖ កន្លងទៅរាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍មួយ ដោយបានប្រកាសកាលពីថ្ងៃបិទសន្និបាតក្រសួងពាណិជ្ជកម្ម និងមួយផ្នែកធ្វើលទ្ធកម្មនៃគ្រឿងសង្ហារឹមនៅក្នុងស្ថាប័នរដ្ឋប្រចាំឆ្នាំ ដោយបង្វែរពីការទិញផលិតផលពីខាងក្រៅ មកជាការទិញផលិតផលក្នុងប្រទេសវិញ ពីព្រោះផលិតក្នុងស្រុករួមទាំងគ្រឿងសង្ហារឹម គឺផលិតបានល្អ គុណភាពល្អ ហើយថែមទាំងអាចនាំចេញទៅលក់នៅក្រៅប្រទេសបានទៀតផង។
សម្តេចធិបតី បានគូសបញ្ជាក់ថា ការជួយគាំទ្រទៅតាមអ្វីដែលអាចធ្វើទៅបានទាំងវិស័យរដ្ឋនិងឯកជនព្រមទាំងប្រជាពលរដ្ឋ គឺដោយសារផលិតផលក្នុងស្រុកជាច្រើនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។ ទន្ទឹមគ្នានេះ យើងចាំបាច់ត្រូវធានាពីគុណភាព និងតម្លៃឱ្យបានសមរម្យ ដោយត្រូវគិតគូរយកចិត្តទុកដាក់ទាំងទៅលើអ្នកហូប និងអ្នកផលិត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ មិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ឪពុកម្តាយមួយចំនួនបានទិញអាហារ ដែលមានជាតិស្ករខ្ពស់ឲ្យកូន ដែលជាកត្តាបណ្តាលឲ្យក្មេងៗជំនាន់ក្រោយ កើតជំងឺទឹកនោមផ្អែមនៅត្រឹមអាយុ៣០ឆ្នាំ ៕