ក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid បានយកឈ្នះ Borussia Dortmund ក្នុងលទ្ធផល២ទល់១ ក្នុងជើងទី១ ដើម្បីរក្សាបាននូវប្រៀប នៃការប្រកួត Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។
ក្រុមរបស់លោក Diego Simeone បានចាប់ផ្ដើមយ៉ាងលឿននៅកីឡដ្ឋាន Estadio Metropolitano ដោយកីឡាករ Rodrigo de Paul រកបានគ្រាប់បាល់នាំមុខនៅនាទីទី៤ បន្ទាប់ពីការភ្លាត់ស្នៀតរបស់កីឡាករ Ian Maatsen ខណៈដែល Dortmund ព្យាយាមសម្រុក និងគ្រប់គ្រងបាល់ច្រើនទៅលើក្រុមម្ចាស់ផ្ទះ Atletico Madrid ។
អ្នកគាំទ្រក្រុមម្ចាស់ផ្ទះមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីក្រុមភ្ញៀវបានបន្តដាក់សម្ពាធ និងគ្រប់គ្រងបាល់បានច្រើនជាង ប៉ុន្តែអ្វីៗមិនដូចជាការគិតនោះទេ បន្ទាប់ពីខ្សែការពារស្លាប Samuel Lino ស៊ុតបញ្ចូលទី១គ្រាប់ទៀតនៅនាទីទី៣២ ពីការបញ្ជូនបាល់របស់Antoine Griezmann និងធ្វើឱ្យក្រុម Atletico នាំមុខ២ទល់០រហូតដល់ចប់តង់ទី១។
ក្រុមភ្ញៀវ Dortmund មានភាពប្រសើរឡើងបន្តិច បើទោះបីជាការគ្រប់គ្រងបាល់ និងដាក់សម្ពាធយ៉ាងណាក្តីក៏នៅមិនទាន់ធ្លាយសំណាញ់ទី១គ្រាប់នោះទេ រហូតដល់នាទីទី៨១ជិតនឹងចប់ការប្រកួតទៅហើយកីឡាករបម្រុង Sebastien Haller រកបាន១គ្រាប់តាមពីក្រោយធ្វើឲ្យចប់ការប្រកួតលទ្ធផលក្រុមម្ចាស់ផ្ទះ Atletico Madrid យកឈ្នះក្រុមភ្ញៀវ Dortmund ២ទល់១។
ក្រុម Atletico Madrid មាន ឱកាស ឈាន ទៅ ប្រកួត ជើង ទី២ នៅ កីឡដ្ឋាន Westfalenstadion របស់ Dortmund នៅ ថ្ងៃអង្គារសប្តាហ៍ ក្រោយ ហើយបើសិនជាក្រុម Atletico Madrid ទទួលបានលទ្ធផលត្រឹមស្មើនោះគឺនឹងឡើទៅកាន់វគ្គ៤ក្រុមចុងក្រោយជាមិនខាន ប៉ុន្តែបើសិនជាចាញ់២ទល់០នោះនឹងធ្លាក់ក្នុងវគ្គនេះ ៕ (រូបភាព ៖ BBC Sport)