ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៧គ្រឿង បានប្រមូលផ្ដុំគ្នាគប់កញ្ចក់រថយន្ដអ្នកដំណើរយ៉ាងអនាធិបតេយ្យ នៅតាមផ្លូវបេតុងស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានត្រូវមានវិធានទប់ស្កាត់ ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះ បានកើឡើងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
ហេតុការណ៍គប់កញ្ចក់រថយន្ដនេះ បណ្ដាលឲ្យត្រូវរថយន្ដអ្នកដំណើរចំនួន៣គ្រឿង និងមានជនរងគ្រោះចំនួន៣នាក់ រួមមាន ៖
ទី១៖ឈ្មោះ គង់ វុទ្ធី អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅបច្ចុប្បន្នសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទី២៖ឈ្មោះ ចន្ថា សុថន អាយុ៣៧ឆ្នាំ មុខរបរនគរបាល ទីលំនៅបច្ចុប្បន្នភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
និងទី៣៖ឈ្មោះ ង៉ាន់ សូលីដា ភេទស្រី រងរបួសធ្ងន់ដេរ៣០ថ្នេរ ត្រូវជាប្រពន្ធ លោក គង់ វុទ្ធី។
ក្នុងនោះបណ្ដាលឲ្យខូចខាត រថយន្តម៉ាក MAZDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ10-2383 បែកកញ្ចក់ខាងមុខ ជារថយន្ត របស់ឈ្មោះ គង់ វុទ្ធី និងរថយន្តម៉ាក FORD RANGER WILDTRACK ពណ៌ស ពាក់ផ្លាកលេខកម្ពុជា BCHEA88 បែកកញ្ចក់ខាងមុខជារថយន្តរបស់ឈ្មោះ ចន្ថា សុថន។
តាមការបំភ្លឺរបស់ឈ្មោះ គង់ វុទ្ធី និងឈ្មោះ ចន្ថា សុថន បានឲ្យដឹងថា ៖ នៅមុនពេលកេីតហេតុ ពួកគាត់បានជិះរថយន្ត តាមបណ្ដោយផ្លូវ ឈ្នះឈ្នះរួចហេីយបត់ទៅឆ្វេង តាមបណ្ដោយផ្លូវបេតុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្នុងទិសដៅពីកេីតទៅលិច។
ក្រោយមកស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ ប្រហែល៧គ្រឿង មាន ម៉ាកហុងដាឌ្រីម៤គ្រឿង ម៉ាកនិច៣គ្រឿង (មេីលតាមកាមេរ៉ាសុវត្ថិភាព) បានធ្វើដំណើរបញ្ច្រាសទិសគ្នា បានយកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ គង់ វុទ្ធី ត្រូវចំកញ្ចក់រថយន្តពីមុខ បណ្ដោលឲ្យបែកធ្លាយកញ្ចក់រថយន្តបណ្ដាលឲ្យត្រូវចំមុខរបស់ឈ្មោះ ងាន់ សូលីដា បែករងរបួសធ្ងន់។ បន្ទាប់មកពួកគេបានយកដុំថ្មទៅគប់រថយន្ត ម៉ាក FORD RANGER WILDTRACK បណ្ដោលឲ្យបែកកញ្ចក់ខាងមុខតែគ្មានអ្នករងរបួស។ ក្រោយពេលកេីតហេតុ ក្រុមជនសង្ស័យបាននាំគ្នា ជិះម៉ូតូគេចទៅបាត់អស់ទៅ។
សូមជម្រាបថា ៖ អភិបាល រាជធានី ភ្នំពេញ និង ជាប្រធានគណៈ បញ្ជាការ ឯកភាព រាជធានីភ្នំពេញ លោក ឃួង ស្រេង បាន ជំរុញកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង ១៤ ដើម្បីត្រៀមពង្រឹង ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មី ដែលតាមសាលា វត្តអារាម ភូមិ មានប្រជាពលរដ្ឋចូលរួមសប្បាយច្រើន តាមសង្ក្រាន្តឆ្នាំថ្មី ។ ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ពង្រឹងសន្តិសុខ កុំឱ្យមានក្រុមជនទំនើងទាំងក្រុមៗបែបនេះ ៕