ខេត្តកណ្តាល ៖ សង្ក្រានឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសរាជ ២០២៤ ក្នុងពិធីបុណ្យដ៏ធំរបស់ប្រពៃណីជាតិខ្មែរនេះ ត្រូវបានប្រារព្ធឡើងរយះពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានកន្លងផុតទៅ ។
សូមបញ្ជាក់ថា ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧នាទី ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវបានប្រារព្ធឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ឯក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បាន ដាក់បទបញ្ជា និងចាត់តាំងកម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារភូមិ ក្នុងភូមិសាស្ត្រអង្គភាពឈរជើង ការពារធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត លេងល្បែងប្រជាប្រិយ នាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមទីវត្តអារាម និងមណ្ឌលកម្សាន្តនានាក្នុងមូលដ្ឋាន ជាលទ្ធផល ការពារធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំង លោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ បន្តដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ៕