មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្ទាល់បានចូលរួមពិធីកាត់ខ្សែបូ ដើម្បីសម្ពោធផ្ទះល្វែងថ្មីចំនួន 10,000 នៅក្នុងទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីដែលបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមេសា នៅសង្កាត់ Hwasong ទីក្រុងព្យុងយ៉ាង។ គម្រោងទាំងនេះគឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្ទះល្វែងថ្មីសរុបចំនួន 50,000ល្វែង នៅរដ្ឋធានីព្យុងយ៉ាងនៅឆ្នាំ 2025។
មេដឹកនាំ គីម ជុងអ៊ុន បានលើកទឹកចិត្តកម្មករឱ្យកំណត់គោលដៅដែលនៅសេសសល់ក្នុងគម្រោងរយៈពេល 5 ឆ្នាំ ដើម្បី “ប្រែក្លាយរដ្ឋធានីព្យុងយ៉ាងទៅជាទីក្រុងស៊ីវិល័យដ៏ល្បីល្បាញលើពិភពលោក ស័ក្តិសមសម្រាប់ឈ្មោះ និងការណ៍ពិតរបស់កូរ៉េខាងជើងដ៏មានឥទ្ធិពល”។
បន្ទាប់ពីបញ្ចប់អាផាតមិនចំនួន 10,000 មកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើងបានផ្តល់ផ្ទះល្វែងថ្មីសរុបចំនួន 30,000 នៅក្នុងស្រុក Hwasong និង Songhwa ក្នុងទីក្រុងព្យុងយ៉ាង។ គម្រោងផ្ទះល្វែងថ្មីចំនួន 50,000 ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងកិច្ចប្រជុំគណបក្សពលករក្នុងឆ្នាំ 2021។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) បានវាយតម្លៃថា លោក គីម ជុងអ៊ុន កំពុងជំរុញគម្រោងនានាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសមិទ្ធផលសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងបរិបទនៃការលំបាកជាច្រើននៅពេលប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាច្រើន។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មជាច្រើនលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕ ដោយធីរីណា
រូបថត: KCNA