សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ លោក គង់ សភាថា ៖ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ជូនចំពោះលោក គង់ សភា

ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ 

សម្តេចធិបតី បន្តថា ៖ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ 

សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ។ 

នៅក្នុងលិខិត លោក គង់ សភា បានសរសេរថា ៖ លិខិតស្នើសុំអន្តរាគមន៍លើកលែងទោស

សូមគោរពជូន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់!

ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ថ្វាយអង្គ ព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឲ្យរូបខ្ញុំបាទ បានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ចំពោះរូបខ្ញុំ។ ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន

ខ្ញុំបាទមានសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍អោយខ្ញុំបានរួចផុតពី ទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុម គ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ ការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print