(កណ្ដាល)៖ ក្រុមចោរប្លន់ធាក់យកម៉ូតូ៦នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាបន្តបន្ទាប់។ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានទី១-ឈ្មោះជា មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះខៀវគឹមឡុងភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ទី៣-ឈ្មោះឌី ដេវីដ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៤-ឈ្មោះឃឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ទី៥-ឈ្មោះ អ៊ូ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ ៦-ឈ្មោះ ប៉េង គឹមសេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ (ឃាត់ខ្លួន)។ ចំណែកជនសង្ស័យ៥នាក់ទៀតរត់គេចខ្លួន។
ប្រភពដដែលបន្តា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខណៈជនរងគ្រោះបានជិះម៉ូតូចេញពីហូបអីជាមួយមិត្តភក្រ័នៅម្តុំក្រោយវាំង ហើយជិះតាមផ្លូវ២១ ដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣ មុខមជ្ឈមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល០៨នាក់ ជិះម៉ូតូ០៤គ្រឿង បានជិះដេញតាមធាក់ម៉ូតូជនរងគ្រោះម៉ាក Honda Beat សេរី២០២៤ បណ្តាលឲ្យដួលម៉ូតូ ហើយបានដណ្តើមយកម៉ូតូពីជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។
លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២និង០០នាទីយប់ ក្រុមជនសង្ស័យដដែលបាននាំគ្នាជិះម៉ូតូ៤គ្រឿងដេញវាយជនរងគ្រោះម្នាក់ទៀត នៅចំណុចតាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយដណ្តើមម៉ូតូម៉ាក Honda scoopy ពណ៌ស សេរី២០២៣ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវ និងឆែកកាំមេរ៉ាសុវត្ថិភាព និងឆែកមើល GPS ទើបដឹងថា ម៉ូតូរបស់ជនរងគ្រោះខាងលើនៅម្ដុំផ្ទះជួលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លុះដល់វេលាម៉ោង ១៥និង២៧នាទីថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ទី១៖ ឈ្មោះ គឹម សេង អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២៖ ឈ្មោះ អ៊ូ ពៅ អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ និងដកហូតម៉ូតូ០២គ្រឿង ម៉ាក Honda Scopy ពណ៌ស ពាក់ផ្លាកលេខ 1KR-5277 និងម៉ាក Honda Beat ពណ៌ក្រហម ពាក់ផ្លាកលេខ 1KJ-9240 (របស់ជនរងគ្រោះ)។ដោយឡែកក្រុមជនសង្ស័យដែលបានធាក់ប្លន់ម៉ូតូពីជនរងគ្រោះទាំងពីរលើករួចមក គឺម៉ូតូម៉ាក Honda Beat បានលក់ឲ្យទៅឈ្មោះអ៊ូពៅ ក្នុងតម្លៃ៥០០ដុល្លារ រីឯម៉ូតូ Honda Scoopy ពណ៌ស សេរី២០២៤ បានលក់ឲ្យទៅឈ្មោះ ប៉េង គឹមសេង ក្នុងតម្លៃ៦០០ដុល្លារ ហើយក៏បានផ្លាស់ប្ដូរផ្លាកលេខម៉ូតូទាំងពីរម៉ាក Honda Beat និងម៉ូតូHonda Scoopy។ បន្ទាប់មកក៏បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូ យកមកសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង៕