ភ្នំពេញ៖ បើទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនក្តីក៏ជំនឿលើវិស័យសាសនានៅមិនទាន់រលត់បាត់ពីផ្នត់គំនិតរបស់មនុស្សនៅឡើយ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុនជប៉ុនមួយដែលមានតួនាទីជ្រើសរើសពលករខ្មែរឲ្យបានឱកាសធ្វើការនៅប្រទេសរបស់ខ្លួនបានរៀបចំពិធីបួងសួងបែបជំនឿពុទ្ឋសាសនាខ្មែរដោយយល់ថានឹងនាំមកភាពចម្រុងចម្រើននិងសេចក្តីសុខសប្បាយដល់មុខរបររកស៊ីរបស់ខ្លួន។
ពិធីក្រុងពលីបួងសួងនេះបានប្រារព្ឋឡើងក្នុងបរិវេណកុដិលេខ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុន ឈ្មោះ អាយអាយអេស (IIS Investment) ដែលបានមកបោះជំនួញក្នុងប្រទេសកម្ពុជាក្នុងការនាំពលករពីកម្ពុជាទៅបម្រើការងារនៅប្រទេសជប៉ុន។
ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ដែលបានទទួលប្រារពពិធីបួងសួងសុំសេចក្តីសុខខាងលើមានសង្ឃដីការថា កម្មវិធីនេះជាកម្មវិធីហៅថា ក្រុងពលីថ្វាយបារមីនៅទីវត្តអារាម របស់វត្តនាគវ័ន។ ព្រះតេជគុណមានសង្ឃដីកាថា យើងដឹងហើយថា នៅកម្ពុជាយើងតែងតែមានជំនឿថា មុននឹងធ្វើអ្វីមួយតែងតែឧទ្ទិសដល់អាទិទេពតាំងពីសម័យមុនៗមកម្ល៉េះ។ ម្យ៉ាងទៀតនេះគឺជារឿងដ៏ល្អនិងចម្លែកដែលព្រោះក្រុមហ៊ុនជប៉ុនបានមករកស៊ីជាមួយកម្ពុជាបានថែមទាំងបួងសួងសុំសេចក្តីសុខតាមបែបជំនឿនៃព្រះពុទ្ឋសាសនាដែលនេះពិតជាការចូលរួមលើកកម្ពស់វិស័យពុទ្ឋសាសនាយើងផងដែរដែលនេះគាត់ (ជប៉ុន) ចង់ឃើញភាពជឿជាក់ក្នុងការរកស៊ីនៅលើទឹកដីកម្ពុជាដោយឃុំគ្រងដោយបារមីព្រះពុទ្ឋសាសនា ព្រហ្មញសាសនា និងព្រលឹងនិយម។
តំណាងក្រុមហ៊ុន IIS Investment បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនបានផ្តោតលើការយកពលករខ្មែរយើងទៅធ្វើការនៅប្រទេសជប៉ុន ដោយក្នុងពលករម្នាក់អាចបានចេញទៅធ្វើការបាន៣ឆ្នាំ ដែលរហូតមកទល់ពេលនេះក្រុមហ៊ុនជប៉ុនមកដាក់ទិសដៅធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុននៅកម្ពុជា ។ ប្រភពបន្តថា ការចុះកិច្ចសន្យាគឺអាចធ្វើបានដោយក្នុងមួយឆ្នាំក្រុមហ៊ុនកំណត់រើសយកពលករ ៥០០នាក់រើសបានច្រើនជាងនេះ។
ក្រុមហ៊ុនធ្លាប់បានបញ្ជូនពលករទៅប្រទេសមួយចំនួនដូចជាប្រទេសម៉ាឡេ ប្រទេសថៃ ប្រមាណជា ៣ម៉ឺននាក់មកហើយ ដោយពេលនេះក្រុមហ៊ុននៅកម្ពុជាក៏មានបទពិសោធន៍បង្ហាត់បង្រៀនពលករនៅកម្ពុជាបានយ៉ាងរលូនដែរ។
តំណាងក្រុមហ៊ុនដដែលនេះបានថ្លែងថា ក្រុមហ៊ុនមានអគ្គនាយកជាជនជាតិខ្មែរសញ្ជាតិជប៉ុនចង់ជួយខ្មែរដោយចាប់ដៃជាមួយកូនខ្មែរបានចេញទៅធ្វើការនៅជប៉ុនតែម្តងដោយកន្លងមកក្រុមហ៊ុនគ្រាន់តែចាប់ដៃជាមួយជនជាតិផ្សេងមិនមែនជាថៅកែខ្មែរកាត់ជប៉ុនអាចផ្តល់ភាពងាយស្រួលបានដោយយើងចេះខ្មែរជួយគាត់ពេលទៅដល់ជប៉ុន។
ប្រភពបន្តថា ការធ្វើការនៅប្រទេសជប៉ុនជាទូទៅធ្វើការទាក់ទងជាមួយគ្រឿងចក្រហើយប្រាក់ខែអាចមានចាប់ពី ៧០០ ទៅ ៨០០ដុល្លារ ដោយចន្លោះនេះក្រុមហ៊ុនយើងនឹងខិតខំរកប្រាក់កម្រៃនៃប្រាក់ខែឲ្យបានច្រើនជាងនេះផងដែរ។ ប្រភបលើកឡើងថា ក្រុមហ៊ុនមានជំនឿលើវិស័យព្រះពុទ្ឋសាសនាទើបមកបួងសួងដោយរំពឹងថា មានសេចក្តីសុខ សិរីសួស្តី ចម្រុងចម្រើន ស្របពេលដែលក្រុមហ៊ុនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕
ដោយ៖ វឌ្ឍនា