មន្រ្តី​គយ​ ដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី បានជាង ៧ពាន់គីឡូក្រាម​ នៅខេត្ត​ចំនួន​២ជាប់​ព្រំដែន​កម្ពុជា​-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា​ មន្រ្តីជំនាញ​ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៧ ៥៩៥ គីឡូក្រាម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

មន្ត្រីជំនាញ​ បានបញ្ជាក់ថា​ ករណីទី១៖ បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ចំនួន ៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ករណីទី២៖ កោះមាន់និងជើងទាចំនួន ៧ ២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះ​ មន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំដី នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២០ ខែមេសាថ្មីៗនេះ​ ក៏បានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងវរៈសេនានគរបាលការពារព្រំដែន ធ្វើការដុតកម្ទេចបំណែកគ្រឿងក្នុងជ្រូកចំនួន១០ការ៉ុង សរុប ៥០០គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន។ បំណែកគ្រឿងក្នុងជ្រូកទាំងនេះ ត្រូវបានដកហូតពីម្ចាស់ទំនិញ ដែលព្យាយាមលួចជញ្ជូនចូលមកកម្ពុជា តាមមាត់ច្រករបៀងក្នុងភូមិសាស្ត្រស្រុកសំពៅលូន។

...

ដោយឡែក​មន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំដិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ បានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីទីស្នាក់ការច្រកទ្វារអន្តរជាតិ និងមន្ត្រីនគរបាលស្រុកគិរីវង្ស ធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កក សរុប ១៦០ គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន។ បំណែកសាច់មាន់បង្កកទាំងនេះ ត្រូវបានឈ្មួញបម្រុងបំបែកជារូបភាពតូចៗ ដឹកតាមម៉ូតូកាត់វាលស្រែនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print