តើ យ៉ង ប៉ាក់ ដែលប្រើគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ជានរណា?

ចែករំលែក៖

ភ្នំពេញ ៖ តើ យ៉ង ប៉ាក់ ដែលប្រើគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ជានរណា?

លោក យ៉ង់ ប៉ាក់
សាធារណជនដែលតាមដានរឿងបុគ្គលម្នាក់ឈ្មោះ យ៉ង ប៉ាក់ ដែលបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ប៉ែន ជីវន្ត (Chivann Pen) ដោយប្រឌិតរឿងចោទប្រកាន់បង្ខូចឈ្មោះលោក ព្រាប កុល ពិតជាចង់ដឹងថា តើបុគ្គលរូបនេះជានរណា? និងតើគាត់ធ្វើអំពើបែបនេះដើម្បីអ្វី?

ដើម្បីស្រាយចម្ងល់នេះ អ្នកសារព័ត៌មានយើងបានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវអំពីបុគ្គលរូបនេះដើម្បីលាតត្រដាងជូនសាធារណជនជ្រាបដូចខាងក្រោម៖

លោក យ៉ង ប៉ាក់ កើតថ្ងៃ១២ ខែឧសភា ឆ្នាំ១៩៨០ នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អាសយដ្ឋានរស់នៅអចិន្ត្រៃយ៍មុនពេលចាប់ខ្លួន គឺនៅបុរីវិមានភ្នំពេញ ផ្ទះលេខ១ ផ្លូវលេខ២០៥ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ។ គាត់មានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ហើយបច្ចុប្បន្នកូនទាំងពីរនាក់នេះកំពុងសិក្សានៅប្រទេសអូស្ត្រាលី ជាមួយម្តាយ រីឯលោក យ៉ង ប៉ាក់ រស់នៅភ្នំពេញតែម្នាក់ឯង។

លោក យ៉ង ប៉ាក់ ជាអគ្គនាយកនៃក្រុមហ៊ុន អាគ្រីប៊ី (Agribee Cambodia Plc) ដែលត្រូវបានគេស្គាល់ថាធ្វើអាជីវកម្មលើវិស័យកសិកម្ម ដែលមានដើមទុនវិនិយោគរាប់លានដុល្លា រួមបញ្ចូលទាំងការដាក់ទុនវិនិយោគពីវិនិយោគិនជនជាតិសិង្ហបូរី និងម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរមួយចំនួនទៀត។

យោងតាមកិច្ចសម្ភាសន៍រវាងកាសែតភ្នំពេញប៉ុស្តិ៍ ជាមួយអតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ យើងបានដឹងថា ក្រុមហ៊ុន Agribee បានបង្កើតឡើងនៅចុងឆ្នាំ ២០១៩ និងមានគោលដៅបង្កើនផលិតកម្មក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងវិស័យកសិកម្មនៅគ្រប់ដំណាក់កាល ចាប់តាំងពីការផលិតរហូតដល់ការចែកចាយផលិតផលនៅក្នុងទីផ្សារ។ ក្រុមហ៊ុន Agribee បានផ្សារភ្ជាប់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការដាក់ទុនវិនិយោគ និងផ្តល់ប្រាក់កម្ចីខ្នាតតូច និងខ្នាតមធ្យមទៅឲ្យអតិថិជន រួមមានកសិករ ក៏ដូចជាអតិថិជនគោលដៅផ្សេងៗទៀត រួមទាំងម្ចាស់រោងម៉ាសីនកិនស្រូវ និងស្ថាប័នហិរញ្ញវត្ថុផងដែរ។

ប៉ុន្តែ ក្រុមហ៊ុននេះ មិនដំណើរការល្អតាមផែនការ ឬគោលដៅរបស់ខ្លួនឡើយដោយសារមានភាពរកាំរកូសក្នុងចំណោមក្រុមប្រឹក្សាភិបាល និងគណ:គ្រប់គ្រងរបស់ក្រុមហ៊ុន និងធ្វើឲ្យមានការប៉ះពាល់ដល់ប្រាក់វិនិយោគរបស់ជនជាតិសិង្ហបូរី ដោយសារតែមានភាពមិនប្រក្រតីនៅក្នុងការចាត់ចែងអាជីវកម្ម និងគ្រប់គ្រងលុយវិនិយោគ ដែលជាការទទួលខុសត្រូវដោយ លោក យ៉ង ប៉ាក់។ ដោយសារតែស្ថានការណ៍បែបនេះ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈគ្រប់គ្រងបានលាឈប់ និងប្រគល់ការគ្រប់គ្រងក្រុមហ៊ុន ឲ្យទៅ លោក យ៉ង ប៉ាក់ គ្រប់គ្រងទាំងស្រុង តែម្តង។

ប្រភពនៃអតីតក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាហ្គ្រីប៊ី ដែលបានលាឈប់ និងសូមផ្តល់ព័ត៌មានក្នុងលក្ខខ័ណ្ឌមិនបង្ហាញឈ្មោះ បានឲ្យដឹងថា អគ្គនាយក យ៉ង ប៉ាក់ បានបង្កបញ្ហាជាច្រើននៅក្នុងការចាត់ចែងក្រុមហ៊ុន និងការគ្រប់គ្រងប្រាក់វិនិយោគ រហូតដល់មានការខាតបង់ និងការខកខានមិនបានបំពេញកាតព្វកិច្ចចំពោះភាគហ៊ុនិក និងអ្នកវិនិយោគ។ បន្ថែមពីលើនេះ យ៉ង ប៉ាក់ បានបែកគំនិតរកស៊ីផ្ទាល់ខ្លួនជាមួយកសិករ អាជីវករ និងម្ចាស់រោងម៉ាស៊ីន ខុសគោលការណ៍របស់ក្រុមហ៊ុន រហូតដល់កើតមានទំនាស់ ដែលបណ្តាលឲ្យ យ៉ង ប៉ាក់ រងបណ្តឹងពីជនរងគ្រោះទៀតផង។ ជាក់ស្តែង យ៉ង ប៉ាក់ បានជួញដូរទិញអង្កាម និងលក់បានប្រាក់ចំណេញប៉ុន្តែមិនបានទូទាត់ប្រាក់ឲ្យក្រុមអាជីវករ ហើយបានចេញសែកឥតមានសាច់ប្រាក់ (សែកស្អុយ) ដែលមានទឹកប្រាក់ចំនួនជិតដប់ម៉ឺនដុល្លាអាមេរិក។ តំណាងជនរងគ្រោះដែលមានការខាតបងប្រាក់បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហាឆ្នាំ ២០២៣ ទាមទារឲ្យតុលាការជួយរកយុត្តិធម៌ឲ្យខ្លួនដែលបានខាតបង់ប្រាក់ ចាញ់បោក យ៉ង ប៉ាក់ និងទាមទារសំណងនៃការខាតបង់ផ្សេងៗចំនួន ២០០.០០០.០០០ លានរៀល។

លោក ឡុង រ័ត្ន ដែលជាជនរងគ្រោះ និងជាដើមបណ្តឹង មានការព្រួយបារម្ភថា យ៉ង ប៉ាក់ មានបំណងរត់គេចខ្លួនទៅសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ដើម្បីជួបជុំកូនប្រពន្ធនៅទីនោះ និងគេចវេសពីកាតព្វកិច្ចទូទាត់សងប្រាក់ដែលខ្លួនខាតបង់ ដោយសាតែ យ៉ង ប៉ាក់ បានចាត់ចែងផ្ទេរទ្រព្យសម្បត្តិទៅឲ្យសាច់ញាតិ និងម្តាយក្មេករួចរាល់ជាស្រេច និងបានផ្ញើលុយកាក់ទៅផ្គត់ផ្គង់ការសិក្សា និងចាយវាយរបស់កូននៅប្រទេសអូស្ត្រាលី ដែលជាលុយបោកប្រាស់ក្រុមអាជិវករ ដែលខ្លួនរកស៊ីជូញដូរជាមួយ។

ប្រភពព័ត៌មានពីអ្នកដែលស្គាល់ជិតដិត និងធ្លាប់រកស៊ីជាមួយលោក យ៉ង បាក់ បានឲ្យដឹងថា យ៉ង ប៉ាក់ បានបង្ករបញ្ហាជាច្រើនជាមួយអាជិវករដែលរកស៊ីជួញដូរស្រូវអង្ករ និងអង្កាម ហើយប្រភពដដែលនេះ បានឲ្យដឹងថា យ៉ង ប៉ាក់ ធ្លាប់បាននិយាយពីបំណងទៅរស់នៅប្រទេសអូស្ត្រាលីជួបជុំប្រពន្ធកូន ហើយកំពុងតែរកវិធីដើម្បីបានសិទ្ធិទៅរស់នៅទីនោះ។

ករណីលោក យ៉ង ប៉ាក់ រកស៊ីឆរបោក ឬរំលោភសេចក្តីទុកចិត្តប្រជាពលរដ្ឋនេះ បានលេចឡើងក្រោយពេលអាជីវកររងគ្រោះខាតបង់ប្រាក់កាស ឈ្មោះ ឡុង រ័ត្ន បានដាក់ពាក្យប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹង ឈ្មោះ យ៉ង ប៉ាក់ ពីបទមិនបំពេញកាតព្វកិច្ចលើឧបករណ៍ ដែលអាចជួញដូរបាន (សែកស្អុយ) ដែលមានទឹកប្រាក់ជិតដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិក៕

...

ប្រភព ៖ កូនខ្មែរ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print