ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមានិតចិន បានអបអរសាទរដល់ការបន្តជាប់ឆ្នោតជាថ្មីរបស់គណបក្សប្រជាជនកម្ពុជាដោយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងកម្ពុជានៅតែបន្តមានទំនាក់ទំនងល្អដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក ជាមួយនឹងការបញ្ជាក់នូវពាក្យមួយឃ្លាថា «ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា»។

សូមជម្រាបជូនថា ៖ ថ្លែងក្នុងជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅវិមាន៧មករា កាលពីថ្ងៃច័ន្ទ ទី២២ ខែមេសា លោក វ៉ាង យី បានលើកឡើងថាប្រទេសចិននៅតែជាដៃគូរដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ជាមួយនឹងការសន្យាថាចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍នឹងបានចាត់ទុកថាលោក វ៉ាង យី គឺ ជាមិត្តចាស់របស់សម្ដេចដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចបានរម្លឹកថារយៈពេលមិនដល់១ឆ្នាំផងលោក វ៉ាង យី បានធ្វើទស្សនកិច្ចមកកម្ពុជាដល់ទៅ២លើកដែលបានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា ស្របពេលដែលកម្ពុជាមានការផ្លាស់ប្ដូរអ្នកបន្តវេនជំនាន់ក្រោយទៅដោយរលូន ទាំងស្ថិរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់។
សម្ដេចតេជោក៏បានអរគុណ លោក វ៉ាង យី ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

សូមបញ្ជាក់ថា ៖ លោក វ៉ាង យី បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ ថ្ងៃ (២១-២៣ មេសា) របស់លោកនៅព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានមកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាង យី បានធ្វើជាសហប្រធានជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ លោកក៏អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បី ផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់ លើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចធ្វើឡើងស្របពេល ការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និង អន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print