ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីឱ្យស្របគ្នាជាមួយនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ គួរបញ្ជាក់ថាការសម្រេចជ្រើសរើសយកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មានជាមួយនឹងប្រមុខរាជរដ្ឋាភិបាលនេះ គឺជាការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី។
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងដែលជាប្រធានគណៈកម្មការរៀបចំ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗសម្រេចបាន និងពន្លឿនកិច្ចការងារដែលនៅសេសសល់អោយបានឆាប់រួចរាល់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំនេះ។
ដើម្បីធ្វើឱ្យកម្មវិធីដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន ដោយធ្វើការសម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើដំណើរការចាត់ចែងនិងរៀបចំពិធីណែនាំនិងផ្តល់អនុសាសន៍ដឹកនាំដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ក្នុងការធ្វើយ៉ាងណារៀបចំកម្មវិធីអោយបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ។
នាឱកាសនោះដែរ ក្រសួងព័ត៌មាននឹងប្រមូលនូវបញ្ហានិងកង្វល់នានាដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយដើម្បីដាក់ជូន សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ៕
ដោយ ៖ សិលា