រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “វិធីសាស្ត្រគ្រប់គ្រងជម្លោះនៅកន្លែងការងារ” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២០៨៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ មុននឹងឈានចូលខ្លឹមសារឯកសារបណ្តុះបណ្តាល លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកសរសើរដល់បុគ្គលិក មន្ត្រីរាជការសុខាភិបាល ដែលបានខិតខំបំពេញការងារ ការពារសុខភាពប្រជាពលរដ្ឋ ដោយបានសហការយ៉ាងល្អជាមួយគ្រប់ស្ថាបន័ទាំងអស់កំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងកន្លងថ្មីៗនេះ។

ខ្លឹមសារចម្បងក្នុងវគ្គបណ្តុះបណ្តាលសំដៅលើការផ្តល់ជូនអំពីវិធីសាស្ត្រទាំងប្រាំដែលជាសមត្ថភាពគ្រប់គ្រង និងដោះស្រាយករណីទំនាស់ ឫជម្លោះនៅទីកន្លែងធ្វើការ ដែលជាបទពិសោធន៍ល្អៗបាន និងកំពុងអនុវត្តន៍នៅគ្រប់បណ្តាប្រទេសលើសាកលលោក ដើម្បីរក្សាបានល្បឿននៃវឌ្ឍនភាពការងារក្នុងអង្គភាព ស្ថាបន័និមួយៗ។

 ជារួមវិធីសាស្ត្រទាំងប្រាំមានដូចជា ១). ការប្រកួតប្រជែងដែលមានជំនឿទុកចិត្តកម្រិតខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការតិចតួច (Competing style) ២). កិច្ចសហប្រតិបត្តិការបំពេញចិត្តភាគីទាំងសងខាង ឱ្យការចរចាររក្សានូវមិត្តភាព និងរក្សាបានទំនាក់ទំនងខាងមុខ (Collaborating style) ៣). ការសម្របសម្រួលដោយស្វែងរកជំហរនៅចន្លោះកណ្តាល (Compromising style)  ៤). ការជៀសវាងមិនចូលក្នងជម្លោះ ដែលមានគោលដៅចម្បង គឺការពន្យារពេលវេលា (Avoiding style) និងទី៥). ការទទួលយកបញ្ហាដែលព្រមបណ្តោយឱ្យកង្វល់នានារបស់ខ្លួន តែទៅបំពេញចិត្តនូវអ្វីដែលជាការព្រួយបារម្ភរបស់អ្នកផ្សេង (Accommodating style) ។ 

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print