ភ្នំពេញ ៖ ជំងឺសិរមាន់នៅតំបន់រន្ធបាត (Les condylomes de l’anus) គឺជាជំងឺមូយប្រភេទនៃជំងឺកាមរោគដែលបង្កឡើងដោយវីរុសម្យ៉ាងមានឈ្មោះថា Human Papilloma Virus (HPV) ដែលឆ្លងតាមរយ:ការប៉ះពាល់ ទឹករងៃ បន្ទាប់ពីរួមភេទ។ ភាគច្រើនចេញរោគសញ្ញានៅលើប្រដាប់បន្តពូជដែលមានហានិភ័យខ្ពស់អាចបង្កឱ្យមានជំងឺមហារីកមាត់ស្បូនចំពោះស្រ្តីនិងមហារីករន្ធទ្វារបាតចំពោះមនុស្សទូទៅ។
តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចឆ្លងតាមរបៀបណាខ្លះ?
ជំងីសិរមាន់ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងស្បែកនិងស្បែក ក្នុងខណៈពេលដែលមានការរួមភេទតាមទ្វារមាស រឺ តាមរន្ធគូថឬតាមមាត់ជាមួយបុគ្គលដែលមានផ្ទុកមេរោគ។ ក្រៅពីទំនាក់ទំនងផ្លូវភេទជំងឺសិរមាន់ក៏អាចចម្លងពីម្ដាយទៅកូននៅពេលសម្រាល ឬជុំវិញការសម្រាលផងដែរ។
តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចកើតមាននៅកន្លែងណាខ្លះ?
ជំងឺនេះ អាចកើតនៅលើប្រដាប់បន្តពូជ បុរស ស្រ្តី មាត់ស្បូន អណ្តាត មាត់ បំពង់ក និងតំបន់ជុំវិញ រន្ធគូថ។
តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចផ្ដល់ជារោគសញ្ញាអ្វីខ្លះ?
វាអាចមានសណ្ឋានដូចជា ដំបៅរីក ដុំសាច់ពកដូចសិរមាន់ ឫ ដូចផ្កាស្ពៃខាត់ណា។ ម្យ៉ាងវាអាចមាន ការរមាស់ លើប្រដាប់ភេទ ឬឈឺ ក្រហាយ។ ពេលខ្លះ វាមានការហូរឈាម ពេលរួមភេទ។
តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចផ្ដល់ជាផលវិបាកដូចម្ដេចអ្វីខ្លះ?
វាអាចរីកដុះដាលកាន់តែច្រើន ហើយអាចវិវត្ត ជាជំងឺមហារីក ប្រដាប់ភេទ រន្ធគូថ និងបំពង់ក។ វាក៏កើតព្រមគ្នា ជាមួយជំងឺកាមរោគផ្សេងទៀតដែរ។
តើយើងទាំងអស់គ្នា អាចបង្ការ ជំងីសិរមាន់នៅតំបន់រន្ធបាតដោយរបៀបណា?
យើងទាំងអស់គ្នា អាចបង្ការជំងឺសិរមាន់ដោយ
– មិនត្រូវឆាប់ប្រឡូកក្នុងការរួមភេទ
– មានដៃគូស្មោះត្រង់មួយនឹងមួយ
– ប្រសិនមានដៃគូច្រើនត្រូវប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងទៀងទាត់ និងមានអនាម័យលើប្រដាប់បន្តពូជ
– ប្រាប់ដៃគូឱ្យមកពិនិត្យ និងព្យាបាលប្រសិនចេញនូវរោគសញ្ញាដែលសង្ស័យនៅលើប្រភេទបន្តពូជ
– ចំពោះស្រ្តី និងបុរសគួរចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន
– កុំពិសារស្រា និងបារី
– ហូបបន្លែផ្លែឈើ និងផឹកទឹកឲ្យបានគ្រប់គ្រាន់
តើយើងអាចធ្វើការព្យាបាល ជំងីសិរមាន់នៅតំបន់រន្ធបាតបានវិធីអ្វីខ្លះ?
ការព្យាបាលជំងឺសិរមាន់នៅតំបន់រន្ធបាត អាស្រ័យទៅតាមស្ថានភាពសាច់ដុះតិច ឬច្រើន។ គេអាចព្យាបាលដោយឱសថសូលុយស្យុង លាប រឹ ការដុត(électrocoagulation) ឫ វះកាត់ក្នុងករណីដំបៅធំខ្លាំង។
ជាចុងបញ្ចប់ គ្រូពេទ្យសូមលើកទឹកចិត្ត អោយធ្វើតេស្តនិងព្យាបាលទាន់ពេលវេលា ដើម្បីបង្ការកុំអោយវិវត្តទៅជាជំងឺមហារីករន្ធទ្វារបាត ព្រមទាំងរកជំងឺកាមរោគមួយចំនួនដូចជាមេរោគស្វាយ អេដស៏ ផ្សេងទៀតបើអ្នកជំងឺពិនិត្យឃើញមានជំងឺសិរមាន់នៅតំបន់រន្ធបាត។ នេះជាការបញ្ជាក់ពីខាងមន្ទីរពេទ្យកាល់ម៉ែត ៕