ទាហានអ៉ីស្រាអែលបង្កើនការវាយប្រហារទូទាំងតំបន់ហ្កាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អ៉ីស្រាអែល កាលពីថ្ងៃអង្គារទី២៣ ខែមេសា បានបង្កើនការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា ជាមួយការបង្គាប់ជាថ្មីឱ្យជនស៊ីវិលប៉ាឡេស្ទីនជម្លៀសខ្លួន ចេញពីតំបន់ភាគខាងជើង ដោយព្រមានថា ពួកគេកំពុងស្ថិតនៅក្នុងតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់។

ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងគ្រាប់ចេញពីរថក្រោះក៏ត្រូវបានរាយការណ៍ផងដែរនៅភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ខណៈ ការទម្លាក់គ្រាប់បែកសាជាថ្មីរបស់អ៉ីស្រាអែលលើភាគខាងជើងនៃតំបន់ហ្កាហ្សា កើតមានឡើង៤ខែក្រោយអ៉ីស្រាអែលប្រកាសដកកងទ័ពចេញពីទីនោះ ដោយបញ្ជាក់ថា ក្រុមហាម៉ាស់បានបាត់ការគ្រប់គ្រងលើតំបន់ទាំងនោះហើយ។ នៅក្នុងខែមេសានេះ អ៉ីស្រាអែលក៏បានប្រកាសដកកងទ័ពភាគច្រើនចេញពីភាគខាងត្បូងនៃតំបន់ ហ្កាហ្សាផងដែរ។ ប៉ុន្តែកិច្ចចរចាស្វែងរកបទឈប់បាញ់និងការដោះលែងចំណាប់ខ្មាំងនៅតែបន្តជាប់គាំង ហើយការទម្លាក់គ្រាប់បែកនិងការវាយឆ្មក់ជាថ្មីរបស់អ៉ីស្រាអែលលើតំបន់ដែលខ្លួនបានដកទ័ពចេញ បាននិងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ជនស៊ីវិលប៉ាឡេស្ទីនក្នុងការវិលត្រឡប់ទៅកាន់ផ្ទុះសម្បែងរបស់ពួកគេវិញ។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែល លោក Avichay Adraee បានបង្គាប់ឱ្យជនស៊ីវិលប៉ាឡេស្ទីននៅក្នុងទីតាំងចំនួន ៤ នៃទីក្រុង Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សា ជម្លៀសខ្លួនទៅរកទីកន្លែងចំនួន២ ដែលត្រូវបានរៀបចំសម្រាប់ជនស៊ីវិល។
ជាមួយការបង្ហាញខ្លួនសាជាថ្មីនៅភាគខាងជើងតំបន់ហ្កាហ្សា ក្រុមហាម៉ាស់បាននិយាយថា អ៉ីស្រាអែលសម្រេចបានត្រឹមតែភាពអាម៉ាស់ និងបរាជ័យតែប៉ុណ្ណោះនៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន ហើយក៏បានកោតសរសើរអ៉ីរ៉ង់ផងដែរសម្រាប់ការវាយប្រហារដោយផ្ទាល់លើអ៉ីស្រាអែលកាលពីដើមខែមេសា កន្លងទៅ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print