ជនសង្ស័យ ជួន គន្ធា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងចែកដីរដ្ឋជូនពលរដ្ឋនៅស្រុកឱរ៉ាល់ សារភាពថា មានជាប់ពាក់ព័ន្ធជាមួយបុគ្គលច្រើននាក់ ហើយរៀបជាប្រព័ន្ធ!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ជួន គន្ធា ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបុគ្គលនេះ បាន Live ចែកជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារ ទំហំ ១០ម៉ែត្រ គុណ ៣០ម៉ែត្រ ប៉ុន្តែគេត្រូវយកលុយពីប្រជាពលរដ្ឋវិញ ១ឡូត៍ តម្លៃ ៤៥០ ដុល្លារ ដោយលើកហេតុផលថា ថ្លៃ​ សេវារដ្ឋបាល សេវាឈូសឆាយ។ ជុំវិញបញ្ហានេះ មជ្ឈដ្ឋានទូទៅគាំទ្រចំណាត់ការអាជ្ញាធរ សមត្ថកិច្ច តំណាងអយ្យការ ខណៈចំណាត់ការទាន់ពេល រដ្ឋប្រឈមជាមួយបុគ្គលល្មេីសតែម្នាក់ទេ បេីចំណាត់ការមិនទាន់ពេលទេ ថ្ងៃក្រោយរដ្ឋនឹងប្រឈមជាមួយប្រជាពលរដ្ឋ៦០០០គ្រួសារ…។

សូមបញ្ជាក់ថា ៖ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានធ្វើការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រក្នុងខេត្ដកំពង់ស្ពឺដើម្បីសាងសង់លំនៅឋានឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 

តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់បុគ្គលជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោកនិងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីននិងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមចម្លើយប្រាប់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ  ជួន គន្ធា បានឆ្លើយថា ខ្លួនពិតជាបានទិញដីនៅចំណុចហ្នឹងតាមរយៈពីឈ្មោះ យី សារ៉ាត់ ហើយដីនេះ ឈ្មោះ យី សារ៉ាត់ បានទិញបន្តពីក្រុមគួកជេដែលមានឈ្មោះ តូច ពៅ, ជា សំអឿន, ប្រាក់ មូល, ហេង សើរ ដូច្នេះក្រុមគួកជេទាំងអស់ជាអ្នករៀបចំធ្វើឯកសារកាន់កាប់ដីធ្លីនៅចំណុចខាងលើ ហើយបានក្លែងឯកសារឱ្យដីស្របច្បាប់លក់ឱ្យបុគ្គលជួន គន្ធា។

បើតាមការប្រកាសនៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ១០ម៉ែត្រគុណ ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី។ 

ទោះបីជាយ៉ាងណាក៏ដោយ ទុកឱ្យមន្ត្រីនគរបាលយុត្តិធម៌ដំណើរការងាររបស់ខ្លួន តាមរយៈសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ។ 

សូមជម្រាបថា ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ៕  ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print