ស្វែងយល់ អំពី ជំងឺដុំពកក្រពេញទីរ៉ូអ៊ីត ឫជំងឺពក ក (Goitre)!

ចែករំលែក៖

ភ្នំពេញ ៖ ក្រពេញទីរ៉ូអ៊ីតមានរាងដូចមេអំបៅស្ថិតនៅផ្នែកខាងមុខនិងខាងក្រោមនៃ ក។ វាមានមុខងារបញ្ចេញអ័រម៉ូនទីរ៉ុកស៊ីន (Thyroxine) សម្រាប់បង្កើនការបំផ្លែងសារធាតុចិញ្ចឹម ការសំយោគ និងប្រតិកម្មប្រូតេអ៊ីនរបស់សរីរាង្គរំញោច ការកន្ត្រាក់របស់សាច់ដុំបេះដូង និងប្រដាប់រំលាយអាហារ ហើយជាពិសេសចំពោះក្មេង គឺចូលរួមក្នុងការរីកលូតលាស់ប្រព័ន្ធប្រសាទ និងឆ្អឹង។

ក) ដុំពកក្រពេញទីរ៉ូអ៊ីត ឫជំងឺពក ក ជាអ្វី?
គឺជាការរីកធំខុសពីធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលអាចមាន៖
– ដុំតែមួយនៅក្នុងក្រពេញ (Goitre nodulaire)
– ច្រើនដុំនៅក្នុងក្រពេញ (Goitre multi nodulaire)
– រីកក្រពេញទាំងមូល (Goitre diffus)
ការរីកដុំក្រពេញនេះជាសញ្ញាបញ្ជាក់ថាអាចមាន:
– វិបត្តិនៃការបញ្ចេញអ័រម៉ូន (Dysthyroïdie)
– ការរលាកក្រពេញ (Thyroïdites)
– ដុំពកស្លូត ឬកាច (Tumeur bénigne ou maligne)
– ការរីក ធម្មតារបស់ក្រពេញ (Goitre Simple)
ខ) រោគសញ្ញានៃការរីកក្រពេញ៖
ក្រៅពីការរីកធំរបស់ក្រពេញ រោគសញ្ញាអាចមានច្រើន តែក្នុងករណីនៃការកើនលើសធម្មតារបស់អ័រម៉ូនដែលអាចមានដូចជាៈញ័រទ្រូង ញ័រដៃ បេះដូងដើរញាប់ គេងមិនលក់ មួរម៉ៅ ឆាប់ហត់ កើនកំដៅក្នុងខ្លួន ។ល។ ក្នុងករណីខ្លះ ការបញ្ចេញ អ័រម៉ូនធម្មតាតែដោយសារដុំក្រពេញរីកធំខ្លាំង ធ្វើឲ្យមានវិបត្តិក្នុងការដកដង្ហើមឬការលេបអាហារ។
គេបែងចែកដុំពកក្រពេញជាបីប្រភេទទៅតាមការបញ្ចេញរបស់អ័រម៉ូន:
– ដុំពកក្រពេញដែលបញ្ចេញអ័រម៉ូនលើសពីធម្មតា(Hyperthyroïdie)
– ដុំពកក្រពេញបញ្ចេញអ័រម៉ូនធម្មតា (Goitre avec euthyroïdie)
– ដុំពកក្រពេញបញ្ចេញអ័រម៉ូនតិចជាងធម្មតា (Hypothyroïdie)
ដូច្នេះនៅពេលដែលមានដុំពកនៅក្រពេញទីរ៉ូអ៊ីតគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ថាតើនៅក្នុងក្រុមណាមួយដើម្បីធ្វើការព្យាបាល ឬ តាមដានការវិវត្តន៍របស់ជំងឺ។
គ) ការវិវត្តន៍របស់ដុំពកក្រពេញ៖
ការវិវត្តន៍របស់ដុំពកក្រពេញ គឺអាចវិវត្តន៍ពីដុំពកអ័រម៉ូនធម្មតាទៅជាការបញ្ចេញអ័រម៉ូនលើសធម្មតា ឬក៏វិវត្តន៍ទៅរកដុំមហារីក ។ ដុំពកក្រពេញទីរ៉ូអ៊ីតអាចនឹងវិវត្តន៍ទៅរកដុំកាច គ្រាន់តែភាគរយតិច ឬច្រើនប៉ុណ្ណោះ ជាពិសេសដុំពកដែលមានអ័រម៉ូនធម្មតា ឬតិចអាចមានភាគរយវិវត្តន៍ទៅរកមហារីកក្នុងកំរិតភាគរយច្រើនជាងគេ។
ឃ) ការព្យាបាល៖
ក្នុងការព្យាបាលដុំពកក្រពេញទីរ៉ូអ៊ីត គឺគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ថាតើវាជាប្រភេទដុំពកណាមួយហើយយើងត្រូវធ្វើការតាមដានបន្តរ ឬត្រូវព្យាបាលដោយថ្នាំ ឬក៏ត្រូវធ្វើការវះកាត់ក្នុងលក្ខ័ណ្ឌចាំបាច់ផ្សេងៗឬសង្ស័យថាជាដុំមហារីក។ក្នុងករណីមហារីកក្រពេញទីរ៉ូអ៊ីតដែលពុំទាន់រីករាលដាលបើយើងធ្វើការវះកាត់បានទាន់ពេលវេលាគឺអាចទទួលបានអត្រាជាសះស្បើយខ្ពស់យ៉ាងល្អប្រសើរ។
“បើសិនជាបងប្អូនមានបញ្ហាដុំពកក្រពេញទីរ៉ូអ៊ីត (ពក ក) សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរួមមានជំនាញជំងឺក្រពេញ ជំនាញវិភាគកោសិកា និងឯកទេសជំនាញវះកាត់ផ្នែកក្រពេញទីរ៉ូអ៊ីត ជាមួយបទពិសោធន៏ខ្ពស់ច្រើនឆ្នាំ។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print