សាច់ក្របីបង្កកខូចគុណភាពដែលមានប្រភពមកពីប្រទេសឥណ្ឌាប្រមាណ ៣.៥តោន ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងដុតកម្ទេចចោល

ចែករំលែក៖

ខេត្តព្រៃវែង ៖ ចង់មានដោយអំពើបាបទៀតហើយ ! សាច់ក្របីបង្កកខូចគុណភាពដែលមានប្រភពមកពីប្រទេសឥណ្ឌាប្រមាណ ៣.៥តោន ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងដុតកម្ទេចចោលនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រោយពេលស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិ សាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដែលឈ្មួញទុច្ចរិតលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង ។

សូមបញ្ជាក់ថា ៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករបានចុះត្រួតពិនិត្យ បឋមលើទំនិញសាច់ក្របីបង្កកចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដែលឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញ ផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង ។

មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

– បានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ៣ គ្រឿង

– សាច់ក្របីបង្កកមានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមាវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ
– ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ
– ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្របីបង្កកទាំង១៧៥ កេស ទម្ងន់ ៣ ៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុណាមួយកើតឡើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print