ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ ៖ ដូចសព្វមួយដង និងជារៀងរាល់ខែ  លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

ក្នុងកិច្ចស្វាគមន៍ និងបើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែនេះ គឺរបៀបរបបការងារដែលត្រូវបានកំណត់រៀងរាល់ចុងខែក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត។ “កិច្ចប្រជុំប្រចាំខែនាពេលនេះ ក៏ជាវេទិកាផ្លាស់ប្តូរមតិយោបល់ជាទស្សនៈផ្ទាល់ខ្លួន និងជំរៈនូវមន្ទិលសង្ស័យណាមួយដែលមានភាពមិនច្បាស់លាស់ឱ្យមានឯកភាពជាគ្រួសារតែមួយ និងបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងក្របខណ្ឌការងារ។” លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែម តាមរយៈកិច្ចប្រជុំប្រចាំខែនេះ លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ ជូនអង្គប្រជុំបានស្តាប់ជារបាយការណ៍។ ក្រោយការរាយការណ៍ កិច្ចប្រជុំទទួលបានបានចូលរួមមតិយោបល់យ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនព័ត៌មានបន្ថែមលើវឌ្ឍនភាពការងាររួម និងលើកឡើងនូវរាល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នាក្នុងការកែលម្អប្រសិទ្ធភាពការងារ ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខបន្តទៀត។ 

បន្ទាប់ពីបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក លោកឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការផ្តល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ ដែលបង្ហាញនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់រួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងការងារស្នូលរបស់ខ្លួនយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយសាមគ្គីភាពក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ និងបន្តពង្រឹងការងារដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលជាបេសកកម្មរបស់ក្រសួង ជាពិសេសជំរុញវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។ 

បន្ថែមលើនេះ  លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលក្រសួងមុខងារសាធារណៈបានខិតខំប្រឹងប្រែងធ្វើ គឺបានចូលរួមជួយមួយផ្នែកធំក្នុងការធានាការគ្រប់គ្រងហិរញ្ញវត្ថុ ការចំណាយរបស់រាជរដ្ឋាភិបាល តាមរយៈការវិភាគមុខងារតាមក្រសួង-ស្ថាប័ន ស្របតាមការណែនាំរបស់សម្តេចធិបតី និងឆ្លើយតបទៅនឹងការងារភារកិច្ចរបស់ក្រសួងផងដែរ តាមលក្ខណៈកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធឌីជីថល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធមុខងារសាធារណៈ ទុកឱ្យក្មេងជំនាន់ក្រោយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print