កម្ពុជាជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញទេសចរអន្តរជាតិចូលទស្សនាសៀមរាបអង្គរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ក្នុងគោលបំណង ជំរុញការរៀបចំ អភិវឌ្ឍផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីទាក់ទាញទេសចរទស្សនាខេត្តសៀមរាប និងស្នាក់នៅយូរ។

លើកឡើងនៅក្នុងកិច្ចប្រជុំនេះ លោក ថោង ខុន បានឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់អង្គរ ឆ្នាំ២០២១-២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុងទទួលបានសមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់ព្រៃអង្គរ និងជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់បឹងទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការងារអន្តរក្រសួង បាននិងកំពុងគិតគូអភិវឌ្ឍបន្ថែមឱ្យមានភាពប្លែកៗ និងការទាក់ទាញទេសចរឱ្យស្នាក់នៅយូរដើម្បីទស្សនាខេត្តសៀមរាប។

លោកទេសរដ្ឋមន្រ្ដី ថោង ខុន បានបន្ដថា ការងារលក់សំបុត្រទស្សនាតំបន់អង្គរ បានបង្ហាញថា ភ្ញៀវអន្តរជាតិភាគច្រើនទិញសំបុត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញសំបុត្រចូលទស្សនា១ថ្ងៃ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញទេសចរអន្តរជាតិស្នាក់នៅយូរ។

ជាមួយនឹងផែនការជំរុញរៀបចំផលិតផលទេសចរណ៍នេះ ក្រសួងទេសចរណ៍ ក៏បានសហការនិងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឱ្យបានច្រើន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print