រាជរដ្ឋាភិបាលចេញ សារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ចែករំលែក៖

ភ្នំពេញ ៖ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រ កម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៤នេះ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ “សហគ្រាស មួយជាសហគមន៍សុខសាន្តមួយ”។

ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយនឹងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។

២-ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។

៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជាដងវិថីនិងទីតាំង សំខាន់ៗ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារ ដូចខាងក្រោម៖

– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

– សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

– គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនិងនិយោជក

– សុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ជាកត្តាចម្បង

– មានជំនាញវិជ្ជាជីវៈ មានឱកាសការងារនិងមុខរបរ ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

៤-ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំកម្មវិធីកម្សាន្តសប្បាយៗតាមលទ្ធភាពជាក់ស្តែង និងចងបជា ពាក្យស្លោក នៅច្រកចេញ-ចូល និងនៅតាមអគារសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដូចខាងក្រោម៖

– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

– រួមគ្នាដើម្បី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

– រួមគ្នាបង្កើនវប្បធម៌អនុលោមភាពតាមច្បាប់

– រួមគ្នាដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ

– រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក។

៥-អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជក នៃសហគ្រាសនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូន កម្មករនិយោជិត និងប្រជាពលរដ្ឋ។

៦-ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាល រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ ឱ្យបានល្អ។

៧-ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សហការជាមួយនឹងអង្គការវិជ្ជាជីវៈ តំណាង បងប្អូនកម្មករនិយោជិត និងនិយោជក៖

– រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម

រាជធានី ខេត្តនីមួយៗ – ដឹកនាំរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម សហគ្រាស គ្រឹះស្ថាននីមួយៗ តាមស្ថានភាពជាក់ស្តែង។

៨-មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលរាជធានី ខេត្ត ក្នុងការរៀបចំពិធីអបអរសាទរនិងកម្មវិធីនានា។

៩-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារ និងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលសូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក បងប្អូនកម្មករនិយោជិតខ្មែរ និងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្ស រីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាទិវាការងាររបស់ជាតិយើង។

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print