ខេត្តព្រះសីហនុ៖ ដើម្បីធានាសុវត្ថិភាពបច្ចេកទេសការពារសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍ ដែលកំពុងធ្វើអាជីវកម្ម។
ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា។
ជាមួយគ្នានេះ ក្រុមការងារផ្លូវជាតិ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ មេសានេះដែរក៏បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត នៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៩-២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា នាពេលរាត្រីលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរ នឹងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកសុវត្តិភាព ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ។ ចំណែកកម្លាំងនគរបាលទេសចរណ៍ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ប្រចាំការល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរផងដែរ៕ដោយ៖តារា