កណ្ដាល៖ នគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណី ចរាចរណ៍ប្រាក់ក្លែងក្លាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចការដ្ឋានខ្សាច់ភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ០៧នាក់ ១-ឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ស្នាក់នៅភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មេក្លោង មានសារធាតុញៀនក្នុងទឹកនោម ,២-ឈ្មោះ ម៉េង វាំងតាក់ ហៅតាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ស្នាក់នៅភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលមានសារធាតុញៀនក្នុងទឹកនោម ,៣-ឈ្មោះ ឆេង បុផ្ផា ហៅផា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ,៤-ឈ្មោះ នៅ ភារៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ,៥-ឈ្មោះ ម៉ង ផាន់និត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ,៦-ឈ្មោះ សុខ វ៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម និងទី៧-ឈ្មោះ វឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម។ វត្ថុតាងចាប់យក៖
១-លុយដុល្លារក្លែងក្លាយ(លុយសែន)ខ្ចប់ក្រដាសរ៉ាមសមានស្នាមផ្តិតមេដៃ ចំនួន០៨ដុំ, ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន) ០៣ដុំស្មើនឹង40000$(បួនមុឺនដុល្លារ) និងក្រដាសកិច្ចសន្យា០១សន្លឹក ។ ២-ម៉ូតូម៉ាកស៊ុយស្សុយគីឡេត ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-3509 ។ ៣-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1AK-2502 ។ ៤-អាយកូមម៉ាកMegabandចំនួន០២គ្រឿង ។ ៥-ទូរសព្ទដៃចំនួន០៤គ្រឿងម៉ាកOPPOចំនួន០៣គ្រឿង និងម៉ាកណូគាចំនួន០១គ្រឿង ។ ៦-ដុំឈើមានរាងដូចជាកាំភ្លើងរុំក្រណាត់ខ្មៅ ចំនួន០១។ ៧-កាបូបសម្រាប់ដាក់លុយចំនួន០២ និងកាបូបស្ពាយចំនួន០១ ។ ៨-លោហៈធាតុពណ៌ស ជាប្រភេទខ្សែកមានបណ្តោងចំនួន០៣ និងដុំឥដ្ឋចំនួន០១ដុំ ។ ៩-កាំភ្លើងកែឆ្នៃ បាញ់គ្រាប់កង ចំនួន០១ដើម ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានចេញល្បាតក្នុងមូលដ្ឋានលុះដល់ចំណុចកើតហេតុស្រាប់ឃើញបក្ខពួកជនសង្ស័យទាំង០៧នាក់កំពុងប្រមូលផ្តុំគ្នានៅក្នុងកញ្ចុះឬស្សីប្រក់ស្បូវសម្រាប់ចាំការដ្ឋានខ្សាច់ស្ថិតនៅចំណុចកើតហេតុខាងលើ ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ចូលទៅពិនិត្យមើលស្រាប់ឃើញលុយដុល្លារក្លែងក្លាយ(លុយសែន)ជាច្រើន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងជំនាញផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យនិងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ខ្លួនបានចេញពីផ្ទះទៅផ្សារអង្គស្នួលហើយទិញលុយដុល្លារក្លែងក្លាយ(លុយសែន)ចំនួន០២ដុំ ក្នុងតំលៃ១៥០០០៛(មួយមុឺនប្រាំពាន់រៀល) ដើម្បីយកទៅចែកឱ្យបក្ខពួករបស់ខ្លួនដែលមានឈ្មោះខាងលើក្នុងគោលបំណងឱ្យយកទៅចាយវាយនិងដោះស្រាយជីវភាពរៀងៗខ្លួន និងក្នុងគោលបំណងចង់ឱ្យបក្ខពួករបស់ខ្លួនមានជំនឿចិត្តហើយដើរទៅណាមកណាការពារខ្លួនដូចជាបងធំ ជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ បានបន្តនិយាយប្រាប់បក្ខពួកខ្លួនទៀតថាលុយទាំងអស់នេះខ្លួនបានមកពីលក់របស់ត្រជាក់(រូបសត្វតោធ្វើអំពីសំរិទ្ធិ)បានលុយចំនួន៥០០អ៊ឹម ស្មើនឹង៥០០លានដុល្លារសហរដ្ឋអាមេរិច ។ បន្ទាប់មកជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ បានចាប់ផ្តើមធ្វើការចែកលុយដុល្លារក្លែងក្លាយ(លុយសែន)នោះឱ្យទៅបក្ខពួកសង្ស័យខាងលើ ដោយមានការធ្វើកិច្ចសន្យានិងមានស្នាមផ្តិតមេដៃទទួលយកលុយដុល្លារក្លែងក្លាយ(លុយសែន)ដើម្បីយកទៅចាយ ។ ភ្លាមនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកជំនាញនិងប៉ុស្តិ៍មកដល់ធ្វើការនាំខ្លួនតែម្តង ។ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤វេលាម៉ោង១០ និង៤០នាទី ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា និងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងរាស់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានការចូលរួមពីលោកមេភូមិ បានពន្លាតដែនសមត្ថកិច្ចចុះទៅដល់ភូមិអង្គសេរី ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ហើយធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ លទ្ធផលនៃការឆែកឆេរគឺមិនមានវត្ថុតាងអ្វីពាក់ព័ន្ធនិងបទល្មើស និងមិនបានដកហូតសម្ភារៈឬវត្ថុតាងអ្វីឡើយ ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕