ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា ៖ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា សូមចូល រួមគាំទ្រយ៉ាងពេញទំហឹងចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ» ។ នេះបើយោងសេចក្តីថ្លែងការណ៍ ស្តីពីការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា សូមចូល រួមគាំទ្រយ៉ាងពេញទំហឹងចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តួច ផ្តើមគំនិតកសាងឡើងក្នុងនីតិកាលទី៦ ហើយដែល រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជំរុញយ៉ាងមោះមុត ឱ្យគម្រោងដ៏មានសារៈសំខាន់ នេះអាចសម្រេចបាននាពេលខាងមុខនេះ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពិតជាមានសេចក្តីរំភើប មោទនភាព និងគោរពស្ញប់ស្ញែង ចំពោះចក្ខុវិស័យវែងឆ្ងាយ ការប្តេជ្ញាចិត្តដ៏មោះមុត ភាពក្លាហាន និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ជូនប្រជាជាតិកម្ពុជា និងមិត្តភ័ក្តិបរទេសទាំងអស់ ពីគោលជំហរច្បាស់លាស់ តម្លាភាព និងអំពីតួនាទីដ៏មានសារៈប្រយោជន៍នៃ «គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្រាប់ប្រជាជនខ្មែរ និងកូនខ្មែរអ្នកស្នេហាជាតិទាំងអស់ «ព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលអមតៈសម្រាប់ខ្មែរគ្រប់ៗ ជំនាន់ ហើយពិតជាមានផលប្រយោជន៍ដ៏ធំធេងច្រើនឥតគណនាសម្រាប់សេដ្ឋកិច្ចសង្គម។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏កត់សំគាល់ឃើញដែរថា ចលនាជាតិគ្រប់មជ្ឈដ្ឋានបាន ផុសផុលឡើង និងបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែលនេះគឺជា សក្ខីភាពបញ្ជាក់ពីស្មារតីសាមគ្គីជាតិដ៏រឹងមាំ ក្នុងការចូលរួមបង្កើតសមិទ្ធផលជាតិ ដើម្បីកម្ពុជាយើងពង្រឹងបាន នូវខឿនឯករាជ្យជាតិលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពសង្គមជាច្រើន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមគាំទ្រចំពោះស្មារតីស្នេហាជាតិ ដែលមានបងប្អូនខ្លះ បានស្នើឱ្យមាន «មូលនិធិប្រជាជនចូលរួមគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ»។ នេះគឺជាគំនិត ផ្តួចផ្តើមដ៏មានតម្លៃ ក្នុងការចូលរួមកសាងសមិទ្ធផលជាតិ។ ការដឹកនាំមួយដែលបង្កើតបានការចូលរួមរបស់ ប្រជាជនក្នុងគ្រប់ដំណើរជាតិ ហើយការប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់សកម្មភាព អភិវឌ្ឍប្រទេសជាតិ ដើម្បីកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ប្រទេសជាតិ នោះយើងមានសេចក្តី សង្ឃឹមដ៏មុតមាំចំពោះ ព្រះរាជាណាចក្រកម្ពុជា ថាប្រទេសជាតិយើងនឹងបន្តមានវឌ្ឍនភាព សំបូររុងរឿង ប្រកបដោយ សន្តិភាព ឯករាជ្យ និងវិបុលភាពជានិរន្តរ៍៕
ដោយ ៖ សិលា