ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្តៅបង្ក្រាបទីតាំងហ្គេម អនឡាញ ដុះស្លែមួយកន្លែង នៅសង្កាត់ឃ្មួញនិងចាប់យកសម្ភារប្រព្រឹត្ត កុំព្យូទ័របានចំនួន១៨ឈុតផងដែរ។
...
ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីម៉ោង៣រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៣៧ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើតាមការឲ្យដឹងពីមន្ត្រីសាលាខណ្ឌដែលចុះទៅបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ចុះទៅបង្ក្រាបល្បែងសុីសងខាងលើនេះព្រោះវាអាចធ្វើឲ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។
ម្ចាស់ទីតាំងឈ្មោះអ៊ុំ មន្ថារី ភេទស្រី អាយុ៤៦ឆ្ នាំមុខរបរបើកទីតាំងហ្គេមអនឡាញ និងស្នាក់នៅផ្ទះលេខ៣៧ ផ្លូវបេតុងភូមិ សំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្នុងករណីនេះបានធ្វើការចាប់យកសម្ភារៈវត្ថុតាងប្រព្រឹត្តបទល្មើសខាងលើ កុំព្យូទ័រចំនួន១៨ឈុតយកមករក្សាទុកនៅសាលាខណ្ឌសែនសុខ។
ប្រជាពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខ និងសំណូមពរឲ្យលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។
គួរបញ្ជាក់ថា កន្លងមកទីតាំងល្បែងសុីសងហ្គេមអនឡាញខាងលើនេះតែងតែបើកឲ្យក្មេងៗចូលលេងភ្លេចចូលសាលារៀន និងធ្វើឲ្យកូនៗក្បត់ទំនុកចិត្តឪពុកម្តាយហើយដោយសារតែកន្លែងនេះអាងមានខ្នងបង្អែកជាមន្ត្រីនគរបាលម្នាក់នៅពីក្រោយទើបម្ចាស់ទីតាំងនេះមិនញញើតនឹងអាជ្ញាធរមូលដ្ឋានទាល់តែសោះ៕
ដោយ៖ តុង សីហា
...