ភ្នំពេញ ៖ លិខិតរំលែកទុក្ខ ផ្ញើជូន គ្រួសារយោធិនដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣
លោក-លោកស្រីក្រុមគ្រួសារយោធិនពលី ជាទីរាប់អាន!
តាងនាមនាយ-នាយទាហានរងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងរូបខ្ញុំផ្ទាល់ មានសេចក្តីរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការ យោធភូមិភាគទី៣ នាថ្ងៃសៅរ៍ ទី៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ ពលីជីវិត និងយោធិនមួយចំនួនទៀតរងរបួស។
ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោក ស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នាយ- នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិមាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី កសាងសុខសន្តិ ភាព ស្ថិរភាពសង្គម និងរួមសុខទុក្ខជាមួយប្រជាជន កម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង ២០នាក់ សូមឱ្យ ឆាប់បានចាប់កំណើតក្នុងសុគតភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក លោកស្រីក្រុមគ្រួសារយោធិនពលី ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ ទាំងអស់គ្នា ៕