ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងចូលរួមអបអរសាទរ ខួបលើកទី២៥ កម្ពុជាចូលជាសមាជិកអាស៊ាន(៣០ មេសា ១៩៩៩ – ៣០ មេសា ២០២៤)។
សូមជម្រាបជូនថា បេីតាមការបញ្ជាក់ពីលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានឱ្យដឹងថា ឆ្នាំ២០២៤ គឺជារយៈពេល២៥ឆ្នាំ គិតចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ ជាផ្លូវការ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
ចាប់តាំងពីចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបោះជំហានដ៏គួរឱ្យស្ញប់ស្ញែងឆ្ពោះទៅកាន់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។ ទោះបីជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជាទទួលបានជោគជ័យក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥ភាគរយ នៅក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ខណៈដែលសម្រេចបានសមិទ្ធិផលសំខាន់ៗគួរឱ្យកត់សម្គាល់មួយចំនួន ក្នុងការអភិវឌ្ឍផ្នែកសង្គម អប់រំ និងវប្បធម៌។
សម្រាប់អាស៊ាន ការចូលជាសមាជិករបស់កម្ពុជាបានពង្រីកវិសាលភាពភូមិសាស្ត្ររបស់អង្គការតំបន់មួយនេះ ឱ្យគ្របដណ្តប់ស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពិតណាស់ថា កម្ពុជាបានរួមចំណែកយ៉ាងធំធេង ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ហើយភាពជាអ្នកដឹកនាំរបស់កម្ពុជាត្រូវបានបង្ហាញឃើញច្បាស់ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០០២ ឆ្នាំ២០១២ និងថ្មីៗនេះនៅឆ្នាំ២០២២។
គួរឱ្យកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានឯកភាពជាគោលការណ៍ ក្នុងការអនុញ្ញាតឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកទី១១របស់អាស៊ាន ជាមួយនឹងឋានៈជា អ្នកសង្កេតការណ៍។ បន្ថែមលើនេះ កម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន ក្នុងនោះមាន ការផ្សះផ្សារ និង ការកសាងសន្តិភាពក្រោយជម្លោះ ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈការអនុវត្តផែនការការងារជំហានទី៤ (២០២១-២០២៥) នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។
វាពិតជាមានសារៈសំខាន់ក្នុងការកត់សម្គាល់ផងដែរថា ការបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ត្រូវបានចាប់ផ្តើមឡើងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានការរៀបចំកិច្ចប្រជុំលើកទី ១ នៃក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) កាលពីខែមីនា ឆ្នាំ២០២២ និងការចាប់ផ្តើមការចចារភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២។ កម្ពុជាក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់អាស៊ាន (ARMAC) ដែលជា មជ្ឈមណ្ឌលឧត្តមភាពដ៏សំខាន់មួយរបស់អាស៊ាន ។
ចំពោះទំនាក់ទំនងខាងក្រៅរបស់អាស៊ាន បច្ចុប្បន្នកម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលភាពជាដៃគូសន្ទនារបស់អាស៊ានជាមួយប្រទេសរុស្ស៊ី ហើយនឹងត្រូវបន្តទទួលបន្ទុកជាប្រទេសសម្របសម្រួល ទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ដែលទាំងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកសុទ្ធសឹងជាមហាអំណាចដែលមានចំណងរឹងមាំក្នុងតំបន់។
ជាមួយគ្នានឹងប្រទេសសមាជិកអាស៊ានដទៃទៀត កម្ពុជាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅ ដោយពង្រឹងតួនាទី និងគោលជំហររបស់អាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន ដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានបូក (ADMM-Plus) ជាដើម៕ដោយ៖តារា