ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ ២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតវិធី។
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង០២ និង ៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខខ្លោងទ្វារវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ១-ឈ្មោះ សូ សុភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),២-ឈ្មោះ សែត រ៉ាមបូរ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់) ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ៣,១៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រក្រុង ដល់ចំនុចកេីតហេតុកម្លាំងបានប្រទះឃើញជនសង្ស័យចំនួន០២នាក់ អង្គុយលើម៉ូតូគួរឱ្យសង្ស័យ ហេីយបានហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យទាំងពីរនាក់រកឃើញមានគ្រឿងញៀន បានធ្វើការឃាត់ខ្លួនភ្លាមៗនាំមកកាន់មូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា