ហាង KFC ជាង 100 នៅម៉ាឡេស៊ីត្រូវបិទទ្វារ ដោយសារពលរដ្ឋឈប់គាំទ្រ ពាក់ព័ន្ធសង្គ្រាម​ហ្គាហ្សា

ចែករំលែក៖

ទោះបីបានផ្លាស់ប្តូរយុទ្ធសាស្រ្តម៉ាកយីហោរបស់ខ្លួនទៅជាអ៊ិស្លាមកាន់តែច្រើននៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែប្រជាជនម៉ាឡេស៊ីជាច្រើននៅតែបន្តងាកចេញ លែងចូលហាង KFC ធ្វើឱ្យហាងនេះមិនអាចដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ីបានទៀតឡើយ។

បន្ទាប់ពីប្រជាជនម៉ាឡេស៊ីជាច្រើនខែ “ងាកចេញ” ពីអាជីវកម្មដែលមានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងជម្លោះ Gaza ខ្សែសង្វាក់អាហាររហ័ស KFC ត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេស និងបានបិទភោជនីយដ្ឋានចំនួន 108 ជាបណ្តោះអាសន្ន។
ក្រុមហ៊ុន QSR Brands ដែលជាក្រុមហ៊ុនដែលគ្រប់គ្រង និងដំណើរការសិទ្ធិផ្តាច់មុខ KFC នៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា ក្រុមហ៊ុនក៏ចង់ចាប់យកឱកាសនេះផងដែរ ក្នុងការបិទហាងជាបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងការកើនឡើងថ្លៃដើមអាជីវកម្ម និងផ្តោតលើហាង KFC ដំណើរការកាន់តែមានប្រសិទ្ធភាព។
និយោជិកដែលទទួលរងផលប៉ះពាល់មានឱកាសផ្ទេរទៅហាងដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពធនធាននៅក្នុងតំបន់ពាណិជ្ជកម្ម ជាមួយនឹងកម្រិតខ្ពស់នៃអន្តរកម្មអតិថិជន។
រលកធ្វើពហិការបានចាប់ផ្តើមនៅខែតុលា ឆ្នាំ 2023។ ចាប់តាំងពីពេលនោះមក KFC បានផ្លាស់ប្តូរយុទ្ធសាស្ត្រដាក់ស្លាកយីហោរបស់ខ្លួន ដោយមានសញ្ញានៅលើផ្ទាំងម៉ឺនុយ និងខិត្តប័ណ្ណដែលសង្កត់ធ្ងន់ថាក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់សាជីវកម្ម Johor ដែលជាផ្នែកមួយនៃរដ្ឋាភិបាលរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។
នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2023 QSR ក៏បានផ្លាស់ប្តូរយុទ្ធសាស្រ្តយីហោរបស់ខ្លួនទៅជាឥស្លាមកាន់តែច្រើននៅលើគេហទំព័ររបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ប្រជាជនម៉ាឡេស៊ីជាច្រើននៅតែបន្តងាកចេញពីម៉ាកនេះ។
គេហទំព័ររបស់ QSR និយាយថា ក្រុមហ៊ុនមានភោជនីយដ្ឋាន KFC ជាង 600 កន្លែងក្នុងប្រទេសម៉ាឡេស៊ី ដែលមានបុគ្គលិកជាង 30,000 នាក់ ដែលក្នុងនោះ 86% ជាជនជាតិអ៊ិស្លាម។
QSR ក៏ដំណើរការភោជនីយដ្ឋាន KFC នៅប្រទេសសិង្ហបុរី ប្រ៊ុយណេ និងកម្ពុជា ព្រមទាំងហាង Pizza Hut ជាង 480 នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី៕ ដោយធីរីណា

...

រូប​ថត​: Vietnamplus

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print