តុលាការសម្រេចផ្ដន្ទាទោសបុរសជនជាតិថៃ៣នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនមានអាវុធលើទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ មានបុរសជនជាតិថៃ៣នាក់ទៀតត្រូវបានតុលាការកម្ពុជាកាត់ទោសនិងផ្ដន្ទាទោសសម្រេចដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់អោយបង់ប្រាក់ពិន័យក្នុងម្នាក់ៗ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូ ជួញដូរ រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ , បទកាន់កាប់អាវុធ ប្រើប្រាស់អាវុធដោយខុសច្បាប់ និងបទសម្អាតប្រាក់ ។

សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមនេះបានបើកផ្លូវអោយជនជាប់ចោទប្ដឹងឧទ្ធរណ៍បានក្នុងករណីមិនសុខចិត្តចំពោះសាលក្រមនេះ ។

ជនត្រូវចោទដែលតុលាការកម្ពុជាផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនេះទី១ឈ្មោះ ផាន់ធេប វិត្យា ហៅ ណាកូ ភេទប្រុស អាយុ៤៤ឆ្នាំ ជាមេខ្លោងម៉ាហ្វីយ៉ាក្នុងអំពើល្មើសដ៏ធំនៅប្រទេសថៃ ធ្លាប់មានប្រវត្តិបាញ់សម្លាប់ប៉ូលិសថៃទៀតផង ។ ទី២ឈ្មោះ គ្រឿងស័ក្ដ ម៉ាក់លិគុណ ហៅនុម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ ។ ទី៣ឈ្មោះ ណារ៉ុងរិទ្ធ ចាក់រើនស៊ុក ហៅ យ៉ូ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិថៃ ។

លោកចៅក្រម លិ សុខា ជាចៅក្រមជំនុំជម្រះរឿងក្ដីនេះបានលើកឡើងថា៖ ចំពោះគ្រឿងញៀន៤១គីឡូក្រាម និង៩៣១ក្រាម ត្រូវរឹបអូសបំផ្លាញចោល, អាវុធខ្លី៤ដើម, រថយន្តហ្វដ ពណ៌ស២គ្រឿងនៅខេត្តបាត់ដំបងត្រូវរឹបអូសជាសម្បត្តិរដ្ផ និងគ្រឿងបរិក្ខារផលិតគ្រឿងញៀនមួយចំនួនធំទៀតត្រូវរឹបអូសបំផ្លាញចោល ។

...

សូមរំលឹកថា កាលពីថ្ងៃទី៣១ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដឹកនាំដោយលោក ឡឹក វណ្ណៈ និងដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចាប់ជនជាតិថៃ៤នាក់ដែលជិះរថយន្ត២គ្រឿងប្រដាប់ដោយអាវុធខ្លីគ្រប់ដៃដឹកជញ្ជូនគ្រឿងញៀននៅចំណុចផ្លូវកែងកែវចិន្ដា ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ក្នុងករណីនេះដែរជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ០១នាក់ស្លាប់ និង០១នាក់រងរបួស ។
លទ្ធផល ៖ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិថៃ៣នាក់ បាញ់ស្លាប់មួយនាក់ រឹបអូសអាវុធខ្លី៤ដើម រថយន្ត២គ្រឿង និងគ្រឿងញៀនរួមមាន ៖ គ្រឿងញៀនសរុប ៤១ គ.ក្រ ៩៣២ ក្រាម
-កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម , អុិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម ។
បន្ទាប់មកសមត្ថកិច្ចនិងតុលាការបានបន្តឆែកឆេរលំនៅឋានរបស់ក្រុមឧក្រិដ្ផជនបានរកឃើញសម្ភារៈផលិតគ្រឿងញៀនមួយចំនួនធំទៀត ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print