នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ៖រាជរដ្ឋាភិបាលនឹងបន្តសាងសង់ផ្ទះនិងប្រគល់ដីកសិកម្មជូនគ្រួសារអតីតយុទ្ធជន៧០៩គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រាជរដ្ឋាភិបាលនឹងរៀបចំសាងសង់ផ្ទះ សម្បែងនិងដីបង្កបង្កើនផលជូនដល់អតីតយុទ្ធជនចំនួន៧០៩គ្រួសារដែលគ្មានដី,គ្មានផ្ទះ,មានដីខ្វះផ្ទះនិងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។នេះបើយោងតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការ ងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ  ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នាសាលាខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថាគ្រួសារយោធិនប្រមាណ៧០៩គ្រួសារដែលគ្មានផ្ទះ គ្មានដី និងមានដីខ្វះផ្ទះ នៅពេលខាងមុខនេះសមាគមនឹងរៀបចំសាងសង់ផ្ទះនិងដីបង្ករបង្កើនផលជូន ដែលការរៀបចំនេះ ក្រោមការគិតគូរបស់សម្តេចតេជោប្រធាននិងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។ កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក៏បានកសាងផ្ទះជូនសមាជិកអតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឹប្រមាណ៤១៩ខ្នង រួចមកហើយ។ 

នាយឧត្តមសេនីយ៍ សង្គហបណ្ឌិត គន់ គីម ក៏បានលើកឡើងដោយគូសបញ្ជាក់បន្ថែមផងដែរថាក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជន បានបន្តចុះត្រួតពិនិត្យ ស្រង់ស្ថិតិអតីតយុទ្ធជន ខ្វះដីខ្វះផ្ទះ មានដីខ្វះផ្ទះ និងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈ នៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស ដើម្បីរកបច្ចុប្បន្នភាព អតីតយុទ្ធជនក្រីក្រពិតប្រាកដ សម្រាប់ធ្វើជារបាយការណ៍ជូនទៅលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលអតីតយុទ្ធជនបាននិងកំពុងជួបប្រទះ។

ជាមួយនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ក៏ដូចជាថ្នាក់ដឹកនាំសមាគមតាមបណ្តាខេត្តដ៏ទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូនដល់គាត់ឱ្យបានលឿន ទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនិងនេះដែរនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់សមាគមខេត្តកំពង់ស្ពឺដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនបានល្អប្រសើរ ហើយជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print