ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ ស្នងការក្រុងភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ស្រាវជ្រាវតាមបង្ក្រាបចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១២នាក់។
កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពចាប់បង្ខាំង ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យមានគ្នាចំនួន១២នាក់ បានធ្វើសកម្មភាព ចាប់ជនជាតិចិនដូចគ្នាម្នាក់ នៅហាងខារ៉ាអូខេមួយកន្លែង ក្នុងខណ្ឌដូនពេញ កាលពីម៉ោង២រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ហើយនាំគ្នាបើករថយន្តALPHARD មួយគ្រឿង នាំជនរងគ្រោះយកទៅបាត់ ដោយស្គាល់ស្លាកលេខរថយន្ត កម្លាំងជំនាញ ស្រាវជ្រាវ រកម្ចាស់រថយន្តដែលជួលឱ្យជនជាតិចិន សហការជាមួយម្ចាស់ ស្រាវជ្រាវតាមសញ្ញាGPS ទើបកម្លាំងជំនាញស្នងការក្រុងភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ប្រទះឃើញជនសង្ស័យ បានឡោមព័ទ្ធ បង្ក្រាបចាប់បាន៣នាក់ ក្នុងនោះមានមេក្លោងម្នាក់ផងដែរ តែរករថយន្តមិនទាន់ឃើញ និងបក្ខពួកជនសង្ស័យ៩នាក់ទៀតកំពុងលាក់ខ្លួននៅឡើយ ។
បច្ចុប្បន្នជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានមេក្លោងម្នាក់ សមត្ថកិច្ចនាំយកទៅការិយាល័យជំនាញ ស្នងការក្រុងភ្នំពេញ ដើម្បីសាកសួរ និងបន្តស្រាវជ្រាវ រករថយន្ត ជនរងគ្រោះ និងបក្ខពួក៩នាក់ទៀត៕ជ្រោយពេជ្រ