កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យគ្រឿងញៀនប្ដីប្រពន្ធ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យគ្រឿថញៀន២នាក់ប្ដី ប្រពន្ធរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធ ទី០១ ឧសភា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រហូតដល់ចំណុចផ្លូវកែងវិហារឥស្លាម ស្ថិតក្នុងភូមិបាលិលេយ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាមុខសញ្ញាចាស់ ដែលធ្លាប់ចែកចាយគ្រឿងញៀន ហើយកម្លាំងកងរាជឣាវុធហត្ថក្រុងបានឃាត់ខ្លួនដើម្បីត្រួតពិនិត្យ ប៉ុន្តែរកមិនឃើញគ្រឿងញៀននោះទេ បន្ទាប់មកកម្លាំងបាននាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថាវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមកមានឈ្មោះ ស្រី ហៃ ហៅស្រីហុង ភេទស្រី ឣាយុ៥៩ឆ្នាំ បច្ខុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចសួរនាំរួច ឃើញថាមានតម្រុយខ្លះគួរឱ្យសង្ស័យ។ ក្រោយមកលោកបានរាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ត កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជឣាវុធហត្ថក្រុងចុះធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ឈ្មោះ ស្រី ហៃ ហៅស្រីហុង រកឃើញគ្រាប់ថ្នាំពណ៌ក្រហមក្បឿង(WY)ចំនួន៣ថង់កិប ស្មើនឹង៨៤៨គ្រាប់ និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ហើយកម្លាំងរបស់យើងបានឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្តីឈ្មោះ ឈឹម សុម៉េត ហៅម៉េត ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តតែម្ដង។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ក្រោយពីបានបញ្ចប់ការស៊ើបឣង្កេត និងផ្ឣែកលើចម្លើយសារភាព និងវត្ថុតាងដែលចាប់បានគឺមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ជនសងស័យទាំងពីរនាក់ ពិតជាបានប្រព្រឹត្តបទល្មើស រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីឣនុវត្តតាមនីតិវិធី៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print