ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលកន្លងមកបានគាំទ្រ និងស្ថិតនៅជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តនិងការអភិវឌ្ឍសង្គម នយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី បានថ្លែងបន្តថា ៖ ជាពិសេសជាង៣០ឆ្នាំកន្លងមកនេះ ជប៉ុនគឺជាប្រទេសដែលបានផ្តល់ជំនួយដ៏ធំមកកម្ពុជា និងជាប្រទេសដែលបានខិតខំកៀរគ ជ្រោមជ្រែង និងប្រមូលវិនិយោគិនជប៉ុនជាបន្តបន្ទាប់ឱ្យមកបោះទុននៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់សម្ពោធឲ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ខេមបូឌា ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់មួយទៀត ក្នុងវិស័យឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិ»។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ នឹងចូលរួមបង្កើតភាពប្រកួតប្រជែង ការលើកកម្ពស់ ការធ្វើពិពិធកម្ម ការធ្វើទំនើបកម្មឧស្សាហកម្ម ក៏ដូចជាការផ្តល់ឱកាស និងជម្រើសការងារប្រកបដោយជំនាញកាន់តែច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្កើតការងារផ្សេងៗ ជារឿងមួយ ប៉ុន្តែបន្ថែមទាំងនោះ ការបង្កើតរោងចក្របច្ចេកវិទ្យាខ្ពស់បែបនេះ គឺផ្តល់លទ្ធភាព នៅក្នុងការផ្ទេរបច្ចេកវិទ្យា ពីប្រទេសជប៉ុនមកកម្ពុជា ពីក្រុមហ៊ុនដែលបច្ចេកវិទ្យាខ្ពស់ គឺផ្ទេរមកកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ការផ្ទេរបច្ចេកវិទ្យានេះ ក្នុងទម្រង់២ គឺទម្រង់ទី១៖ ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងយន្ត និងទម្រង់ទី២៖ មនុស្ស។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុន ដើម្បីរៀបចំនូវចក្ខុវិស័យរបស់ខ្លួន ក្នុងការរៀបចំជាថ្នាលបណ្ដុះបណ្ដាលផងដែរ៕